ក្រុមហ៊ុនCentral Plaza គ្រោងនឹងបើកដំណើរការសណ្ឋាគារ ថ្មីចំនួន៦នៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Central Plaza Hotel Plc គ្រោងបើកសណ្ឋាគារថ្មីចំនួន៦នៅឆ្នាំនេះ ខណៈក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូល នឹងកើនឡើងចន្លោះពី៣០ ទៅ៤០ភាគរយ បន្ទាប់ពីមានការងើបឡើងវិញលឿនជាងការរំពឹងទុកកាលពីឆ្នាំមុន។

ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា Centel មើលឃើញថា ប្រាក់ចំណូលសរុបកើនឡើង៥៧ភាគរយ កាលពីឆ្នាំមុនដល់១៨,២១ពាន់លានបាត ខណៈដែលប្រាក់ចំណេញសុទ្ធ បានកើនឡើង១២៣ភាគរយដល់៣៩៨លានបាត។

លោក Thirayuth Chirathivat នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានអះអាងថា “ការត្រឡប់មកវិញនៃភ្ញៀវទេសចរចិននឹងជួយជំរុញដល់កំណើននៅឆ្នាំនេះ ដោយអត្រាស្នាក់នៅរបស់សណ្ឋា​គារ Centel បានកើនឡើងដល់៨០ភាគរយ បន្ទាប់ពីប្រទេសថៃបានបើកឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស កាលពីខែកក្កដាឆ្នាំ២០២២”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Thirayuth បានបន្តថា ក្រុមហ៊ុនបានបើកសណ្ឋាគារយីហោ Centra របស់ខ្លួននៅឆ្នាំនេះនៅខេត្ត Ubon Ratchathani ហើយគ្រោងនឹងបើកសណ្ឋាគារផ្សេងទៀតនៅ Osaka នៅថ្ងៃទី១ ខែកក្កដា។

ទោះបីជាមានទស្សនវិស័យ សុទិដ្ឋិនិយមយ៉ាងណាក្តី លោក Thirayuth បានបញ្ជាក់ថា “ក្រុមហ៊ុន Centel កំពុងតាមដានយ៉ាងដិតដល់នូវបញ្ហាប្រឈមមួយចំនួន រួមទាំងតម្លៃអាហារ ថាមពល ប្រាក់ឈ្នួល និងការកើនឡើងអត្រាការប្រាក់ផងដែរ”។

លោកបានមានប្រសាសន៍ថា “សមត្ថភាពហោះហើរមិនទាន់ងើបឡើងវិញ ដល់កម្រិតមុនជំងឺរាតត្បាតនៅឡើយទេ ប៉ុន្តែគេរំពឹងថានឹងងើបឡើងវិញ ដល់កម្រិតនោះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយការ​វិល​ត្រឡប់​របស់​ភ្ញៀវ​ទេសចរ​ចិន ​នឹង​កើនឡើងបន្តិច​ម្ដងៗ ដោយសារ​តម្លៃជើង​ហោះ​ហើរ​នៅ​តែ​ថ្លៃ”។

លោក Thirayuth បានបន្ថែមថា “ការបោះឆ្នោតសកលនាពេលខាងមុខ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា នឹងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដែលនឹងមានផលប៉ះពាល់ជាវិជ្ជមានដល់ក្រុមហ៊ុន”។

លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បន្ទាប់​អនុវត្តន៍​គោលនយោបា​យ​ច្បាស់លាស់ ​ដើម្បី​កាត់បន្ថយ​ការចំណាយ​អាជីវកម្ម និង​ជំរុញ​ការចំណាយ​លើ​វិស័យ​ទេសចរណ៍ និង​អ្នកប្រើប្រាស់​។

លោក Thirayuth បានមានប្រសាសន៍ថា “ដំណាក់កាលទី៥នៃគម្រោងជំរុញទេសចរណ៍ក្នុងស្រុក Rao Tiew Duay Kan (យើងធ្វើដំណើររួមគ្នា) គួរតែត្រូវបានចាប់ផ្តើមក្នុងរដូវកាលមានភ្ញៀវទេសចរតិច ដែលលោកសំដៅទៅលើរដូវវស្សា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here