ប្រទេសចិន​គ្រោងរៀបចំរដ្ឋាភិបាលដឹកនាំថ្មី និងកំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​សម្រាប់ឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា បានឱ្យដឹងថា ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ប្រហែល៥ភាគរយ ខណៈដែលសភាប្រជាជនចិន (NPC) បានចាប់ផ្តើមសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន។

នៅក្នុងរបាយការណ៍នោះ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានមានប្រសាសន៍ថា វាចាំបាច់ក្នុងការផ្តល់អាទិភាពដល់ស្ថិរភាពសេដ្ឋកិច្ច ដោយកំណត់គោលដៅ បង្កើតការងារនៅទីក្រុងចំនួន១២លាននៅឆ្នាំនេះ ពោលគឺកើនឡើងពីគោលដៅ កាលពីឆ្នាំមុន ដែលមានយ៉ាងហោចណាស់ចំនួន១១លាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើងត្រឹមតែ៣ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន  ដោយសារការរឹតបន្តឹងជំងឺកូវីដ-១៩រយៈពេល៣ឆ្នាំ វិបត្តិក្នុងវិស័យអចលនទ្រព្យ ការបង្ក្រាបលើសហគ្រាសឯកជន និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសចិន។

គោលដៅកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ ត្រូវបានកំណត់ប្រហែ ល៥ភាគរយ ខណៈកាលពីពេលថ្មីៗនេះ ប្រភពគោលនយោបាយបានប្រាប់សារពត៌មាន Reuters ថា គោលដៅកំណើនសេដ្ឋកិច្ចរហូតដល់៦ភាគរយអាចត្រូវបានកំណត់។

លោក Li Ke Qiang បានកំណត់គោលដៅឱនភាពថវិការបស់រដ្ឋាភិបាល នៅត្រឹម៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលកើនឡើងពីគោលដៅ ប្រហែល២,៨ភាគរយកាលពីឆ្នាំមុន។

សម័យប្រជុំសភានៅឆ្នាំនេះ នឹងអនុវត្តការរៀបចំរដ្ឋាភិបាលថ្មីដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលទីក្រុងប៉េកាំងប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

លោក Li Ke Qiang និងមន្ត្រីគោលនយោបាយសេដ្ឋកិច្ចតម្រង់ទិសកំណែទម្រង់ គ្រោងនឹងចូលនិវត្តន៍ ក្នុងអំឡុងពេលសមាជ ដើម្បីបើកផ្លូវសម្រាប់អ្នកស្មោះត្រង់ ចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលដែលលោកទទួលបានអាណត្តិដឹកនាំលើកទី៣។

ក្នុងអំឡុងពេលសម័យប្រជុំសភានេះ អតីតប្រធានបក្សប្រចាំក្រុងសៀងហៃ លោក Li Qiang ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់ជានាយករដ្ឋមន្ត្រីថ្មី ដែលមានភារកិច្ចក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេសចិនឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here