តើប្រទេសរុស្ស៊ីអាចនឹងអស់លុយ ហើយសេដ្ឋកិច្ចគាំងស្ដូក នៅឆ្នាំ២០២៤?

ដោយៈ សុខុម

ក្រុងឡុងដ៍: មហាសេដ្ឋីរុស្ស៊ីOleg Deripaska បានទម្លាយឱ្យដឹងថា ប្រទេសរុស្សីអាចនឹងអស់លុយ ហើយសេដ្ឋកិច្ចគាំងស្ដូកនៅឆ្នាំ២០២៤។

ដូចនេះរុស្ស៊ី ពិតជាត្រូវការការវិនិយោគរបស់បរទេស ជាចាំបាច់ដើម្បីជួយស្រោចស្រង់ស្ថានការណ៍។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែមីនា។

មហាសេដ្ឋីដែលរិះគន់មិនសំចៃមាត់រូបនេះ បានលើកឡើងគួរឱ្យភ្ញាក់ផ្អើល ក្នុងសន្និសីទសេដ្ឋកិច្ចនៅតំបន់ស៊ីបេរី (Siberia) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅថា “ប្រទេសរុស្ស៊ីនឹងគ្មានលុយសេសសល់ទៀតឡើយនៅឆ្នាំក្រោយ ហើយយើងពិតជាត្រូវការវិនិយោគិនបរទេស”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បញ្ច្រាសគ្នានឹងការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកាលពីសប្ដាហ៍មុនបានសរសើរថា សេដ្ឋកិច្ចនៃប្រទេសរុស្ស៊ី មានភាពធន់ទ្រាំដែលនៅតែអាចឈរបានយ៉ាងរឹងមាំ ទោះបីជាប្រទេសនេះ ទទួលរងការដាក់ទណ្ឌកម្មជុំទិស មិនធ្លាប់មានពីសំណាក់លោកខាងលិច ចំពោះការបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ យ៉ាងណាក្ដី។

យោងតាមការប៉ាន់ស្មានបឋមពីរដ្ឋាភិបាលក្រុងមូស្គូ បង្ហាញថា ទិន្នផលសេដ្ឋកិច្ចរបស់រុស្ស៊ី បានធ្លាក់ចុះ២,១% ក្នុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះ គឺតិចជាងអ្វីដែលជំនាញសេដ្ឋកិច្ចជាច្រើន បានព្យាករពីដំបូង។់

ទោះជាយ៉ាងណា ស្នាមប្រេះស្រាំនៅក្នុងប្រព័ន្ធ សេដ្ឋកិច្ចរុស្ស៊ី កំពុងតែចាប់ផ្ដើមលេចចេញមកជាបណ្ដើរៗហើយ ដោយប្រទេសរុស្ស៊ី កាត់បន្ថយផលិតកម្មប្រេងនៅក្នុងខែនេះ ខណៈលោកខាងលិច អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត។

នៅទីបំផុត ទស្សនវិស័យសេដ្ឋកិច្ចរបស់រុស្ស៊ី ពឹងផ្អែកទាំងស្រុងលើស្ថានការណ៍ដែលកំពុងកើតឡើងនៅអ៊ុយក្រែន។

លោក Oleg Deripaska និយាយថា វិនិយោគិនបរទេស ជាពិសេសមកពីបណ្តាប្រទេស “ជាមិត្ត”ពិតជាដើរតួនាទីយ៉ាងសំខា​ន់​នៅក្នុងការស្តារស្ថានភាពសេដ្ឋកិច្ចរុស្ស៊ី។

លោកបានសង្កត់ធ្ងន់ថា នៅពេលវិនិយោគិនបរទេសទាំងនោះចូលមក វាស្រ័យលើថាតើប្រទេសរុស្ស៊ី អាចបង្កើតលក្ខខណ្ឌសមស្រប និងធ្វើឱ្យទីផ្សាររបស់ខ្លួនមានភាពទាក់ទាញកម្រិតណា។

ដើម្បីកាត់ផ្កាត់ប្រទេសរុស្ស៊ី ពីមូលនិធិនានា ពោលគឺផ្ដាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ជាការដាក់ទណ្ឌកម្ម ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិច បានប្រកា​សដាក់ទណ្ឌកម្មជាង១១.៣០០ទណ្ឌកម្ម ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយបានបង្កកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី ប្រមាណ៣០០ពាន់លានដុល្លារអាមេរិក។

ប៉ុន្តែប្រទេសចិន បានជួយធ្វើឱ្យរុស្ស៊ី នៅតែមានដង្ហើមសេដ្ឋកិច្ចសម្រាប់ដករហូតមកទល់ពេលនេះ តាមរយៈការសម្រុកទិញថាមពលពីរុស្ស៊ី៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here