GIZសហការគាំទ្រក្រសួងកសិកម្មដើម្បីជម្រុញការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ អង្គការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​អាល្លឺម៉ង់(GIZ) សហការ

ជាមួយនាយកដ្ឋានជំនាញក្រសួងកសិកម្ម បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពិធី​សារស្ដីពី ​លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ​ សម្រាប់​ការនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់ប្រទេស​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្សព្វផ្សាយនេះ បានរៀបចំ​ឡើង នៅថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៣ នៅ​ខេត្តមណ្ឌលគិរី និង​មានការចូលរួម​ពីថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និងភូតគាម​អនាម័យ ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​មណ្ឌលគិរី ត្បូងឃ្មុំ កំពត កែប ក្រចេះ និង​ខេត្ត​ព្រះវិហារ តំណាង​អង្គការ GIZ ម្ចាស់​ចម្ការ សហគមន៍​កសិកម្ម ក្រុមហ៊ុន​នាំចេញផងដែរ​។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ រៀបចំ​ឡើងក្នុង​គោលបំណង​ផ្សព្វផ្សា​យ​ដល់អ្នក​ពាក់ព័ន្ធ ​ឱ្យយល់ដឹង​អំពី​នីតិ​វិធី ​និង​ដំណើរការ​នៃការចុះ​បញ្ជី​ចម្ការ និង​ទីតាំងវេច​ខ្ចប់​ម្រេច ការគ្រប់គ្រង​សមាសភាព​ចង្រៃ​លើ​ដំណាំ​ម្រេច និង​ការអនុវត្ត​កសិកម្ម​ល្អ​លើ​ដំណាំ​ម្រេច (GAP) ស្របតាម​លក្ខខណ្ឌ​តម្រូវភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ម្រេច​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

សមាគម និងអ្នកដាំ​ម្រេច បានសាទរ​ចំពោះ​គម្រោង​ការនាំចេញ​ទៅទីផ្សារ​ប្រទេស​ចិន ដែលនឹង​ជួយ​ពង្រឹង​គុណភាព និង​បរិមាណ​ម្រេចនាំ​ចេញ​ទៅទីផ្សារ​អន្តរ​ជាតិ​ឱ្យបាន​កាន់តែ​ច្រើន។

លោកម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បានប្រាប់​ថា វាជាការប្រសើរ​ណាស់ ​ដែលម្រេច​កម្ពុជា​អាចនាំ​ចេញ​ជាផ្លូវការ​ដោយផ្ទាល់​ទៅប្រទេស​ចិន ដែលនេះ​ជាការ​បោះជំហាន​ថ្មី​បន្ថែមទៀត​សម្រាប់​ទីផ្សារ​ម្រេច​កម្ពុជា​ទៅប្រទេស​ចិន ខណៈ​កន្លងមក​កម្ពុជា​តែងពឹងផ្អែក​ច្រើន ទៅ​លើ​ប្រទេស​វៀតណាម ដើម្បី​នាំទៅកាន់​ប្រទេស​ចិន។

លោកបាន​បញ្ជាក់​ថា “អ្វីដែល​ជាឧបសគ្គ ​សម្រាប់​អ្នកដាំ​ម្រេច​នៅ​កម្ពុជា គឺការ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។ ហើយ​តម្លៃ​ម្រេច​នៅក្នុង​រយៈពេល ២-៣ ឆ្នាំមក​នេះ​មិនល្អ​ឡើយ”។ លោកបន្ថែមថា “យ៉ាងណាមិញ ខ្ញុំ​សូមលើក​ទឹកចិត្ត​ឱ្យអ្នក ​ដែលមាន​បំណង​ចង់នាំចេញ​ទៅទីផ្សារ​ចិន​ទាំងអស់​សូមរួសរាន់ ​ទៅចុះ​បញ្ជី​ឱ្យបាន​ឆាប់​រហ័ស ​ដើម្បីជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែ​ច្រើន”។

ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន១៨ ដែលមាន​ការដាំដុះ​ម្រេច នៅក្នុង​នោះ​ខេត្ត ដែលសម្បូរ​ការដាំដុះ​ម្រេច​ច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពត​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here