ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងមានចរាចរណ៍កាន់តែមមាញឹក

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ចំនួនរថយន្តដឹកជញ្ជូនអ្នកដំណើរ នៅលើផ្លូវល្បឿនលឿនត្រូវបានរំពឹងថា នឹងមានការកើនឡើង បន្ទាប់ក្រុមហ៊ុនផ្លូវល្បឿ​នលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA)។

កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ លើការចុះហត្ថលេខារវាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូន អ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។

ពិធីចុះអនុស្សរណៈនាឱកាសនេះ ធ្វើឡើងដើម្បីបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរទៅមក រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿន ក៏ដូចជាតម្រង់ទិសកិច្ចសហប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅតែមួយ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួល ដោយការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ CAMBA និង CPEC ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ននេះ ក្នុងការបង្កើនចំនួនចរាចរណ៍លើផ្លូវល្បឿនលឿន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលពន្ធ និងមួយផ្នែកទៀតគឺជំរុញការប្រើប្រាស់រថយន្តក្រុង ដើរដោយថាមពលអគ្គិសនី សំដៅចូលរួមការការពារបរិស្ថាន និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ។

លទ្ធផលដែលសម្រេចបាន ក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោង ចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង(៤) ការពិភាក្សាលើការស្នើសុំតម្លៃពិសេស សម្រាប់យានយន្តអគ្គិសនី ដែលនឹងចរចានៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here