សម្តេចតេជោស្នើឱ្យប្រទេសសិង្ហបុរីពង្រឹងការតភ្ជាប់ផ្លូវអាកាសដើម្បីជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យសិង្ហបុរីពង្រឹងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវអាកាសរវាងប្រជាជាតិអាស៊ានទាំងពីរ។

បើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងឱកាសចូលជួបសម្តែងការគួរសមពីសំណាក់លោក Lau Peet Meng នាយកផ្នែកសន្តិសុខ និងស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារម្សិលមិញនេះ សម្តេចតេជាបានមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវអាកាសនឹងជួយជំរុញអ្នកទេសចរ ដែលមកទស្សនាដល់ប្រទេសសិង្ហបុរីឱ្យបន្តដំណើរមកកាន់ប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសិង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យអប់រំ និងសេវាសុខាភិបាលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនោះដែរ លោក Lau Peet Meng បាន​កោតសរសើរអំពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា រួម​ជាមួយ​សន្តិភាព និង​ស្ថិរភាព។  លោកក៏បានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យផងដែរ។

លោកសង្កត់ធ្ងន់ថា “សម្តេចតេជោមិនត្រឹមតែធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការស្វែងរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ”។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here