ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន និងកំពុងរៀបចំកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៍មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៍មានដើម្បីបើកទទួលពាក្យសម្រាប់ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”។
ពានរង្វាន់នេះធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល” ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៍មានជាច្រើនផងដែរ នៅទីស្តីការ ក.ប.ទ.។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្ដល់ពានរង្វាន់ឌីជីថលដែលទទួលស្គាល់ថ្នាក់ជាតិ លើសមិទ្ធផល និងស្នាដៃនវានុវត្ដន៍ឌីជីថលឆ្នើមនៅកម្ពុជា។
រយះពេល១២ឆ្នាំកន្លងមក កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាបានក្លាយជាវេទិកាឈានមុខគេ ដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថលនវានុវត្តន៍ករឌីជីថល ក្រុមហ៊ុន និងស្ថាប័ន ដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្ដន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ទៅកាន់ទីផ្សារថ្នាក់តំបន់និងអន្ដរជាតិ។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្ដបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម,ក្រុមហ៊ុន និងស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើនសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នកនវានុវត្ដន៍ករឌីជីថលដែលមកពីគ្រប់បណ្ដាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និងឌីជីថលូបនីយកម្ម។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងដូចជា ទី១ ការទទួលស្គាល់(Recognition) ផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ផលិតផល ឬសេវាកម្មឆ្នើមដែលជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ទី២ ការជំរុញគាំទ្រ(Empowerment) គាំទ្រអាជីវកម្មនិងស្ថាប័ននានា នៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្ដន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា។
ទី៣ ការផ្សារភ្ជាប់ទំនាក់ទំនង(Connection) ពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់ និងអន្ដរជាតិ រវាងនវានុវត្តន៍ករនិងវិនិយោគិន ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល ព្រមទាំងពង្រឹងវិសាលភាពឆ្ពោះទៅកម្រិតសកល។ ទី៤ ការផ្តល់ឱកាស(Opportunity)ជាវេទិកាឌីជីថល សម្រាប់នវានុវត្តន៍ករឆ្នើមទាំងអស់ក្នុងការបង្ហាញនូវស្នាដៃ និងសមិទ្ធិផលរបស់ ដើម្បីទាក់ទាញការវិនិយោគ និងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕









