អចលនទ្រព្យនឹងបន្តជាវិស័យសំខាន់រួមចំណែកក្នុងចំណូល ជាតិនៅឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ វិស័យអចលនទ្រព្យជាវិស័យសំខាន់មួយ ក្នុងចំណោមវិស័យសំខាន់ៗចំនួន៣ ដែលបានរួមចំណែក ក្នុងការប្រមូលថវិកាអភិវឌ្ឍន៍ប្រ​ទេស ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សញ្ញាល្អប្រសើរនេះបង្ហាញពីការងើបឡើងវិញ នៃអាជីវកម្មក្នុងស្រុក និងលំហូរវិនិយោគបរទេ​សមកកាន់កម្ពុជា។

រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដារលោក គង់ វិបុល បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២២កន្លងមក មានវិស័យសំខាន់ៗចំនួន៣ ដូចជា វិស័យឧស្សាហកម្ម វិស័យសំណង់ និងអចលនទ្រព្យ និងល្បែងពាណិជ្ជកម្មអនឡាញ បានចូលរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការជំរុញឱ្យចំណូលពន្ធរបស់អគ្គនាយដ្ឋានពន្ធដារ កើនឡើងខ្ពស់លើសពីផែនការកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នៅឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យ និងវិស័យសំខាន់ទាំងពីរខាងលើ ក៏នៅតែចូលរួមក្នុងការប្រមូលចំណូល របស់អគ្គនាយកដ្ឋានពន្ធដារផងដែរ ដោយសារក្ដីរំពឹងខ្ពស់លើការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងប្រទេស។

ពន្ធលើអចលនទ្រព្យ ស្ថិតនៅក្នុងចំណូលសារពើពន្ធ ដែលសំដៅដល់មុខសញ្ញាប្រមូលពន្ធមាន ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើប្រាក់ចំណេ​ញ និងអចលនទ្រព្យ ជាដើម។ នៅក្នុងឆ្នាំ២០២២កន្លងមក ការប្រមូលថវិកាជាតិលើចំណូលសារពើពន្ធ ផ្នែកពន្ធដារបានចំនួនរហូតដល់៣.៤៥៥លានដុល្លារ ស្មើនឹង១២២,៥៤%។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការប្រមូលចំណូលពន្ធបានកើនឡើង នឹងអាចឱ្យរដ្ឋាភិបាលយកថវិកាទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍប្រទេ​ស រួមមាន ការវិនិយោគសាធារណៈ សន្សំទុកជាទុនបម្រុង និងសងបំណុលទៅម្ចាស់បំណុល ជាដើម។

លោកបណ្ឌិតបន្តថា “កំណើនលើពន្ធដារនេះ ជាសញ្ញាបង្ហាញថា សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាបានចាប់ផ្ដើម ដំណើរការល្អប្រសើរឡើងវិញ លើសកម្មភាពអាជីវកម្មក្នុងស្រុក ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញវិនិយោគិន ក្នុងស្រុកបរទេសឱ្យមកវិនិយោគនៅកម្ពុជា”។

អ្នកជំនាញរូបនេះក៏បានបង្ហាញក្តីសង្ឃឹមថា ស្របពេលដែលសកម្ម​ភាពអាជីវកម្មក្នុងប្រទេស និងការនាំចេញទំនិញ ក៏កំពុងមានវឌ្ឍនភាពគួរ ឱ្យកត់សម្គាល់ ការប្រមូលពន្ធក្នុងឆ្នាំ២០២៣ នឹងបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here