លោកស៊ុន ចាន់ថុលៈ ក្រុមហ៊ុនធំមួយស្នើសុំសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ នៅពេលនេះមានក្រុមហ៊ុនធំមួយទៀតហើយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនខ្សែទី៤ ភ្នំពេញ- ប៉ោយប៉ែតមួយទៀត។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន។

លោកស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សូមជម្រាបដែរ ទោះជាយើងធ្វើផ្លូវជាតិលេខ៥ ពង្រីកពី២គន្លង ទៅ៤គន្លង ក៏មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿន ជាប្រភេទBOT ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយប៉ែតដែរ ដោយគាត់យល់ឃើញថា ផ្លូវជាតិលេខ៥ មាន៤គន្លងមែន តែមានសត្វឆ្លងកាត់ មានការយឺតយ៉ាវ គាត់ស្នើសុំធ្វើផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែតតែម្តង

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបន្ថែមថា ក្រសួងក៏បានអនុ​  ញ្ញាតឱ្យក្រុមហ៊ុនមួយនេះធ្វើការសិក្សា លើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែត នេះផងដែរ។

លោកអះអាងថា “កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្តាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តង ដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើន សម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល”។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ទើបមានក្រុមហ៊ុនជាច្រើន តែងតែចង់មកបណ្តាក់ទុននៅកម្ពុជានេះ ហើយកម្ពុជាបើគ្មានសុខសន្តិភាព គឺគ្មានប្រទេសណាហ៊ានមកដាក់ទុកជាច្រើនរយលានដុល្លារ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ តែដោយសារកម្ពុជា មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានសេដ្ឋកិច្ចរីកចំរើន ទើបមានប្រទេសជាច្រើនតែងតែចង់មកបណ្តាក់ទុនដូចនេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here