ក្រុមហ៊ុនអាកាសចរណ៍ថៃជាច្រើនបង្ហាញសុទិដ្ឋិនិយមលើការងើបឡើងវិញនៃតម្រូវការធ្វើដំណើរ

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាច្រើនបង្ហាញសុទិដ្ឋិនិយមអំពីការស្ទុះងើបឡើងវិញនៅឆ្នាំនេះ ជាមួយនឹងការពង្រីកសេវាកម្មទៅកាន់ប្រ ទេសចិនជាកត្តាជំរុញដ៏សំខាន់ បន្ទាប់ពីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ ជាពិសេសក្នុងអំឡុងត្រីមាសទី៤។

លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ី (AAV) និងក្រុមហ៊ុន Thai AirAsia (TAA) ដែលបានចុះបញ្ជីផ្សារហ៊ុន SET បានអះអាងថា “ក្រុមហ៊ុនអាកាសចរណ៍នេះរំពឹងថា នឹងទទួលបាន២៨ភាគរយ នៃសមត្ថភាពមុនជំងឺកូវីដ-១៩ ទៅកាន់ចិនដីគោកក្នុងរង្វង់ត្រី​មាស​ទី​១”។

លោកបានបន្តថា “ក្រុមហ៊ុនរបស់លោក ក៏គ្រោងនឹងបង្កើនសេវាកម្មហោះហើរ ទៅកាន់ប្រទេសចិនដល់៤០ជើង ក្នុងមួយសប្តាហ៍ក្នុងត្រីមាសនេះផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកនៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន TAA គ្រោងបង្កើនសេវាកម្មទៅកាន់ប្រទេសចិន ដល់១១០ជើងក្នុងមួយសប្តាហ៍ ដោយខិតទៅជិតជើងហោះហើរចំនួន១៤០ជើង ក្នុងមួយសប្តាហ៍ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា ក្នុងចំណោមយន្តហោះ ចំនួនទាំង៥៣គ្រឿង ក្រុមហ៊ុនTAA គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ ចំនួន៤៥គ្រឿងនៅក្នុងត្រីមាសទី១ ដោយបង្កើនសមត្ថភាពជាបន្តបន្ទាប់ ដល់៤៨គ្រឿង និងបន្ទាប់មកគឺ៥០គ្រឿង នៅក្នុងត្រីមាសទីពីរ និងទី៣រៀងៗគ្នា។

គោលដៅអ្នកដំណើរសម្រាប់ឆ្នាំនេះគឺ២០លាននាក់ ដែលកើនឡើងទ្វេរដង នៃចំនួន៩,៩៥លាននាក់ក្នុងឆ្នាំ២០២២ និងឈានដល់ជិតចំនួនអ្នកធ្វើដំណើរ២២,២លាននាក់ ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩។

លោកបានបន្ថែមថា “ការព្យាករណ៍នេះ ផ្អែកលើផ្នែកមួយនៃសន្ទុះវិជ្ជមានចាប់ពីត្រីមាសទី៤ ឆ្នាំ២០២២ ខណៈក្រុមហ៊ុនអាកាសចរណ៍របស់លោក បានប្រកាសប្រាក់ចំណូលចំនួន១២,៥ពាន់លានបាត ដោយកើនឡើង៤៨១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអ្នកធ្វើដំណើរចំនួន៤,០៦លាននាក់”។

លើសពីនេះទៀត ក្រុមហ៊ុន Bangkok Airways បានប៉ាន់ប្រមាណថា “ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន នឹងបង្កើតផលវិជ្ជមានសម្រាប់ឧស្សាហកម្ម អាកាសចរណ៍នៅឆ្នាំនេះ ខណៈការបើកព្រំដែនឡើងវិញ នៅក្នុងប្រទេសជាច្រើន ជួយធានាបាននូវកំណើនយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here