រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ជំនួយ១,៦ពាន់លានដុល្លារដល់ប្រទេស ហ្វីលីពីនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ

ដោយ: គង់ លាងហួរ

តូក្យូ: ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយជាង២០០ពាន់លានយ៉េន(១,៦ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ដល់ប្រទេសហ្វីលីពីនសម្រា​ប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសទាំង២ កំពុងព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏គ្រោងឯកភាពគ្នាជាមួយប្រធានាធិបតីហ្វីលីពីន លោកFerdinand Marcos Jr. ដែលគ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ស្របពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទីក្រុងតូក្យូ និងទីក្រុងម៉ានីល បានរក្សាទំនាក់ទំនងមិត្តភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងកំពុងរួមដៃគ្នាក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ខណៈដែលប្រទេសទាំង២ ត្រូវបានជាប់គាំងនៅក្នុងជម្លោះទឹកដី ជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងខាងកើត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមថ្នាក់ដឹកនាំប្រទេសទាំង២ អាចនឹងបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តកិច្ចសន្ទនាផ្នែកសន្តិសុខ ដែលមានការចូលរួមពីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ដែលបានធ្វើឡើងជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងធ្វើសមយុទ្ធរួមគ្នា នាពេលអនាគត។

នៅក្នុងឆ្នាំ២០១៧ ប្រទេសជប៉ុនបានយល់ព្រម ជាមួយហ្វីលីពីនក្រោមអាណត្តិដឹកនាំ របស់នាយករដ្ឋមន្ត្រីជប៉ុន លោកShinzo Abe និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ថា “ទីក្រុងតូក្យូនឹងផ្តល់កញ្ចប់ជំនួយចំនួន១ពាន់ពាន់លានយ៉េនដល់ទីក្រុងម៉ានីល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here