ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រេចបានទឹកប្រាក់ជាង១០ពាន់លានដុល្លារពីកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការនាំចេញសម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផលធ្វើ​ដំណើរ​គ្របដណ្តប់ចំនួន ​ជាង​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​សរុប ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​តម្លៃ​រហូតដល់ ជាង​១០​ពាន់​លាន​ដុល្លារអាមេរិក។

យោងតាមរបាយការណ៍ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ មានតម្លៃជាង៩ពាន់លានដុល្លារ កើនឡើងជាង១ពាន់លានដុល្លារ ឬ១៣ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកការនាំចេញស្បែកជើង មានតម្លៃ១,៧៣៧ពាន់លានដុល្លារ ពោលគឺកើនឡើង២៥ភាគរយ និងការនាំចេញគ្រឿងបន្លាស់ ធ្វើដំណើរមានតម្លៃ១,៧៧៧ពាន់លានដុល្លារ គឺកើនឡើង១៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។

លោកឧកញ៉ាលី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា “វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា”។

លោកបន្តថា “បច្ចុប្បន្ន​មាន​កម្មករ​ប្រមាណ១​លាន​នាក់ ​កំពុង​ធ្វើ​ការ​នៅ​តាម​រោងចក្រ​នៅ​ទូទាំង​ប្រទេស”។

ទោះជាយ៉ាងនេះក្តី សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញសម្លៀកបំពាក់អាចប្រឈមនឹងបញ្ហាមួយចំនួន ដោយសារការបញ្ជាទិញមិនបានកើនឡើងនៅដើមឆ្នាំនេះនោះទេ។

លោក វង្សី វិសុទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេ​ខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នៅឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរគ្របដណ្តប់រហូតដល់៥៧ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here