ប្រព័ន្ធស្តុកថាមពលដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឱ្យដំណើរការនៅលើកោះ Jurong Island

ដោយៈ សុខុម

សិង្ហបុរី: ប្រព័ន្ធស្តុកថាមពលដ៏ធំបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅលើកោះ Jurong Island របស់សិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ហើយនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងការជំរុញការប្រើប្រាស់ថាមពលសូឡា (ពន្លឺព្រះអាទិត្យ) នៅក្នុងប្រទេសនេះ។

ប្រព័ន្ធផ្ទុកថាមពលដែលមានឈ្មោះថា Sembcorp Energy Storage System នេះមានសមត្ថភាព ផ្ទុកអតិបរមា២៨៥មេហ្គាវ៉ាត់ម៉ោង (MWh) ដែលអាចបំពេញតម្រូវការអគ្គិសនី ដល់ផ្ទះពលរដ្ឋប្រមាណ២៤.០០០ផ្ទះ។

ទីតាំងប្រព័ន្ធផ្ទុកថាមពលនេះ លាតសន្ធឹងលើផ្ទៃដី២ហិកតា ដែលជិតស្មើតារាងបាល់ទាត់៣ ហើយបានចាប់ផ្ដើមដំណើរការកាល ពីចុងខែធ្នូ ឆ្នាំមុន។ អាជ្ញាធរទីផ្សារថាមពល (EMA) បានចាត់តាំងឱ្យក្រុមហ៊ុន Sembcorp Industries អភិវឌ្ឍប្រព័ន្ធនេះឡើងនៅខែមិថុនា ឆ្នាំ២០២២​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Jeanette Lim នាយកផ្នែកអភិវឌ្ឍន៍ឧស្សាហកម្មរបស់ EMA លើកឡើងថា អាជ្ញាធរ EMA តម្រូវឱ្យប្រព័ន្ធផ្ទុកថាមពលសាងសង់បញ្ចប់ជាស្ថាពរនៅត្រឹមខែធ្នូ ឆ្នាំមុន ដោយសារមើលឃើញការបន្តរីកចម្រើននៅក្នុងទីផ្សារថាមពលពិភពលោក។

លោកស្រីបានបន្ថែមទៀតថា កន្លែងស្តុកថាមពលនេះ អាចផ្ដល់ថាម​ពល រក្សាទុក និង/ឬផ្ដល់សេវាកម្មគ្រប់គ្រង ដើម្បីពង្រឹងភាពធន់នៃបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់សិង្ហបុរី និងគ្រប់គ្រងទីផ្សារ ព្រមទាំងការប្រែប្រួលនៃការផ្គត់ផ្គង់ថាមពលផងដែរ។

លោក Ngiam Shih Chun ប្រធានអាជ្ញាធរ EMA ថ្លែងថា ប្រព័ន្ធស្តុកទុកថាមពលនេះ នឹងអនុវត្តតាមកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរ EMA ដើម្បីប្រើប្រាស់ថាមពលសូឡាឱ្យបានអតិបរមា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាព និងភាពធន់នៃបណ្ដាញផ្គត់ផ្គង់អគ្គិសនី របស់សិង្ហបុរីផងដែរ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំទុនវិនិយោគសម្រាប់គម្រោងនេះឡើយ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here