ការនាំចេញវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើងរបស់វៀតណាម អាចឈានរហូតដល់៨០ពាន់លានដុល្លារនៅ២០២៥

ដោយៈ សុខុម

ហាណូយ: វិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាម បានកំណត់គោលដៅសម្រេចការនាំចេញ ឱ្យបានក្នុងទំហំរហូតដល់ទៅ៧៧,៨០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ និងឈានរហូតដល់១០៦ទៅ១០៨ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

ក្រោមយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាម ដែលរដ្ឋាភិបាលក្រុងហាណូយ បានអនុម័តបង្ហាញថា សម្រាប់រយៈពេលវែង វិស័យវាយនភណ្ឌ កាត់ដេរ ស្បែក និងស្បែកជើង នៅតែជាឧស្សាហកម្មនាំចេញដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ វិស័យវាយនភណ្ឌ កាត់ដេរ ស្បែក និងស្បែកជើងនឹងបន្តជំរុញការវិនិយោគលើការផលិតវត្ថុធាតុដើម និងសម្ភារៈផ្សេងៗក៏ដូចជាជួយគាំទ្រដល់ឧស្សាហកម្មនានាផងដែរ។

រដ្ឋាភិបាលនឹងជំរុញការផលិតក្រណាត់ ពីអំបោះដែលផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃ (Value Chain) ពេញលេញនៅក្នុងតំបន់។

សម្រាប់ឧស្សាហកម្មស្បែក និងស្បែកជើង លោក Nguyen Duc Thuan ប្រធានសមាគមអ្នកផលិតស្បែកជើង និងកាបូបយួរដៃវៀតណាម LEFASO បានលើកឡើងថា បណ្ដាសហគ្រាសក្នុងស្រុកចាំបាច់ត្រូវសម្របខ្លួនឱ្យសកម្ម ទៅនឹងលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងម៉ាកយីហោ (Brand) លើស្តង់ដារផលិតប្រកបដោយនិរន្តរភាពសម្រាប់ផលិតផល។

លោកបានបន្ថែមទៀតថា សហគ្រាសទាំងនោះ ក៏ត្រូវតែកាត់បន្ថយការបំភាយឧស្ម័ន ចូលទៅក្នុងបរិយាកាសផងដែរ នៅក្នុងដំណើរការផលិតរបស់ខ្លួន ហើយត្រូវបង្កើនការប្រើប្រាស់ថាមពលសូឡា និងផលិតផលដែលមិនសូវបង្កផលប៉ះពាល់ដល់បរិស្ថាន។

ទន្ទឹមនឹងនេះដែរ យោងតាមយុទ្ធសាស្ត្រខាងលើបង្ហាញថា ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេររបស់វៀតណាម រំពឹងថា ចំណូលបានពីការនាំចេញនឹងឈានដល់៥០ ទៅ៥២ពាន់លានដុល្លារ នៅឆ្នាំ២០២៥ និងពី៦៨ទៅ៧០ពាន់លានដុល្លារ នៅឆ្នាំ២០៣០៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here