រដ្ឋាភិបាលថៃកំពុងពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋាភិបាល​ថៃគ្រោងពន្លឿន ​ការ​វិនិយោគ​របស់​រដ្ឋសំរាប់ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ នៅ​ឆ្នាំ​២០២៣នេះ ដើម្បី​ផ្តល់​កម្លាំង​រុញច្រាន​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងចន្លោះពី៣ ទៅ៤ភាគរយ ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយផែនការរបស់រដ្ឋាភិបាល ក្នុងការពន្លឿនការវិនិយោគរបស់រដ្ឋ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានឱ្យដឹងថា ទីភ្នាក់ងាររដ្ឋបានកំណ​ត់ថវិកាវិនិយោគចំនួន៦៦៤ពាន់លានបាត ក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលស្មើនឹង២០,៩ភាគរយ នៃការចំណាយសរុបរបស់រដ្ឋ។

គម្រោង​វិនិយោគដ៏​សំខាន់​បំផុត ​គឺ​ការ​សាងសង់​ផ្លូវ​ហាយវ៉េ​ថ្មី​របស់​នាយកដ្ឋាន​ផ្លូវជាតិ និង​ការ​អភិវឌ្ឍ​របស់​នាយកដ្ឋាន​ធារាសាស្ត្រ​ នៃ​តំបន់​ប្រភព​ទឹក​ថ្មី។

គម្រោង​ទាំងនោះ ក៏​រួម​បញ្ចូល​ទាំង​គម្រោង​សម្រាប់ ​មន្ទីរ​សាធារណការ និង​ក្រុង និង​ផែនការ​ប្រទេស ដូចជា​ ការ​សាងសង់​ទំនប់​តាម​ដង​ទន្លេ​ផងដែរ។

សហគ្រាសរដ្ឋចំនួន៤៣ របស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងបោះទុនវិនិយោគ សរុបចំនួន២៨២ពាន់លានបាត នៅក្នុងគម្រោងរបស់ពួកគេនៅក្នុងសារពើពន្ធឆ្នាំ២០២៣។

ផ្លូវដែករដ្ឋនៃប្រទេសថៃបានកំណត់ថវិកា វិនិយោគចំនួន៤៩,២ពាន់លានបាតនៅឆ្នាំនេះ ខណៈអាជ្ញាធរអគ្គិសនីថៃ កំណត់គោលដៅវិនិយោគចំនួន៣១,៥ពាន់លានបាត។

អាជ្ញាធរដឹកជញ្ជូនរហ័ស នៃប្រទេសថៃគ្រោងនឹងវិនិយោគ១៤,២ពាន់លានបាត ខណៈអាកាសយានដ្ឋានថៃ បានដាក់ថវិកាវិនិយោគចំនួន១២ពាន់លានបាត។

ចំណែកអាជ្ញាធរផ្លូវល្បឿនលឿនថៃ ក៏គ្រោងនឹងបោះទុនវិនិយោគ១១,២ពាន់លានបាត ក្នុងឆ្នាំសារពើពន្ធ២០២៣នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here