តម្លៃមាសហក់ឡើងថ្លៃខ្ពស់ ស្របពេលមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសត្រូវបានគេរំពឹងថា នឹងហក់ឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល៨ខែ ដោយសារមានការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ចសកល បន្ទាប់ពីអត្រាអតិផរណាចុងក្រោយរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់៦,៥ភាគរយ។

តម្លៃមាសបានបិទក្នុងតម្លៃខ្ពស់២៣,៥ដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០២២ ខណៈប្រាក់ដុល្លារធ្លាក់ចុះ។

ស្របពេលដែលអតិផរណារបស់សហរដ្ឋអាមេរិកបានថយចុះមកត្រឹម៦,៥៥ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០២២ ទីផ្សាររំពឹងថាធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់។ តម្លៃមាសបានកើនឡើងច្រើនជាង៥,២៦ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Hua Seng Heng Gold Futures បានឱ្យដឹងថា តម្លៃមាសអាចបន្តកើនឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែក្រុមហ៊ុនបានព្រមានពីការផ្លាស់ប្តូរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា។

កាល​ពី​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​នៃអត្រាអតិផរណា​របស់​ខ្លួន។

ព្រឹត្តិការណ៍នាពេលខាងមុខមួយទៀតដែលនឹងប៉ះពាល់ដល់ចលនាតម្លៃមាសក្នុងសប្តាហ៍នេះ គឺវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូស នៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា។

លោក Tanarat Pasawongse នាយកប្រតិបត្តិនៃក្រុមហ៊ុន Hua Seng Heng Group បានមានប្រសាសន៍ថា វិនិយោគិននឹងតាមដានយ៉ាងដិតដល់លើ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅឆ្នាំ២០២៣នេះ ដែលក្រុមថ្នាក់ដឹកនាំនយោបាយ និងអ្នកធុរកិច្ចឈានមុខគេរបស់ពិភពលោក​ នឹងអញ្ជើញចូលរួម។

លោកបានបន្ថែមថា ការទប់ទល់អតិផរណា កង្វះថាមពល ដែលជាលទ្ធផលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងរលកថ្មីនៃការឆ្លងមេរោគ ខណៈដែលប្រទេសចិនបានបើកដំណើរការឡើងវិញ មុនការរំពឹងទុក ត្រូវបានកំណត់ថា ជាបញ្ហាចម្បង នៅវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។

លោក Tanarat បានមានប្រសាសន៍ថា កិច្ចប្រជុំ WEF នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន និងទិសដៅនៃសេដ្ឋកិច្ចពិភពលោក។ លោកបន្តថា “ការពិភាក្សានឹងណែនាំដល់វិនិយោគិន ក្នុងការសម្រេចចិត្តវិនិយោគ នៅក្នុងទីផ្សារហិរញ្ញវត្ថុ”។

ការ​ទិញ​មាស​នៅ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ប្រើ​ប្រាស់​មាស​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ បាន​ហក់​ឡើង​ មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ព្រោះ​មាស​មាន​ទំនាក់​ទំនង​នឹង​វប្បធម៌ ​និង​ប្រពៃណី​របស់​ចិន។ ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនរំពឹងថា វានឹងចំណាយពេលប្រហែលពី៣ទៅ៤ខែ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចចិនងើបឡើងវិញ បន្ទាប់ពីមានការបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here