ក្រសួងសេដ្ឋកិច្ចនឹងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំប្រមាណ២០០លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបោះផ្សាយលក់មូលបត្ររដ្ឋជាចំនួន២០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលជាទំហំទឹកប្រាក់ថ្មីបន្ថែមពីលើ​មូលបត្រ៣០០លានដុល្លារ ​នៅឆ្នាំ២០២២នេះ ដើម្បីកៀរគរទុនពីសាធារណជន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភេទនៃមូលបត្រ មានឥណប្រតិទាន មានរយៈពេល១ឆ្នាំ រយៈពេល២ឆ្នាំ រយៈពេល៣ឆ្នាំ រយៈពេល៥ឆ្នាំ រយៈពេល១០ឆ្នាំ រយៈពេល១៥ឆ្នាំ ហើយការទូទាត់គូប៉ុងធ្វើឡើងក្នុងរយៈពេល៦ខែម្តង ដោយគិតចាប់ពីថ្ងៃប្រកាសពីការបោះផ្សាយ។

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បានឱ្យដឹងថា ការបោះផ្សាយមូលបត្ររដ្ឋ ចំនួន២០០លានដុល្លារបន្ថែមនេះ គឺសម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលបត្រឆ្នាំ២០២២ ចំនួន២០០ពាន់លានរៀល​ ដែលស្មើនឹងប្រមាណ៤៩លានដុល្លារអាមរិក និង ការគ្រោងថវិកាចំនួនប្រមាណ១៥១លានដុល្លារអាមរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និង ចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here