GDP សរុបរបស់ចិនកើនឡើងរហូតដល់ជិត១៨ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ប៉េកាំង: សេដ្ឋកិច្ចរបស់ប្រទេសចិនបាន ប្រកាសពីកំណើនប្រកបដោយស្ថិរភាព ក្នុងឆ្នាំ២០២២ ទោះបីជាមានសម្ពាធរួមពីការរីករាលដាលនៃជំងឺរាតត្បាត និងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញយ៉ាងណាក្តី។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ(NBS) បានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារនេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង៣ភាគរយ ដល់កម្រិតខ្ពស់បំផុតប្រហែល១៧,៩៥ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ GDP របស់ប្រទេសចិនបានកើនឡើង២,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Kang Yi ប្រធានការិយាល័យស្ថិតិជាតិ (NBS) បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា “សេដ្ឋកិច្ចជាតិនៅតែបន្តអភិវឌ្ឍ ទោះបីជាមានសម្ពាធធ្លាក់ចុះក៏ដោយ។ ទិន្នផលសេដ្ឋកិច្ចឈានដល់កម្រិតថ្មីមួយ ការងារ និងតម្លៃជាទូទៅមានស្ថិរភាព ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់ សមិទ្ធិផលថ្មីត្រូវបានធានា ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងមូល”។

លោក Kang បានបន្តថា ទោះជាយ៉ាងណាក្តី មូលដ្ឋានគ្រឹះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងស្រុកមិនរឹងមាំនោះទេ ដោយសារស្ថានភាពអន្តរជាតិ នៅតែមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ខណៈពេលមានសម្ពាធនៃតម្រូវការក្នុងស្រុកធ្លាក់ចុះ វិបត្តិនៃការផ្គត់ផ្គង់ និងការចុះខ្សោយនៃការរំពឹងទុកនៅតែកើតមានឡើង។

លោកបានបន្ថែមថា “ប្រទេសចិននឹងធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចក្លាយជាអាទិភាពកំពូលរបស់ខ្លួន និងបន្តការរីកចំរើន ខណៈពេលដែលធានាបាននូវស្ថិរភាពនៅឆ្នាំ២០២៣នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here