ក្រសួងទេសចរណ៍ប្រកាសខេត្តចំនួន៣ជាប់ជាជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេកាលពីឆ្នាំមុន

ដោយៈ សុផារី

ភ្នំពេញ៖ ខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានជាប់ជាជ័យលាភីទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសក​លល្អជាងគេប្រចាំឆ្នាំ២០២២។

ក្នុងនោះ ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ២ និងខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងស្អាត ដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The year 2022)។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំការបោះឆ្នោត ដោយឱ្យសាធារណៈអាចបោះឆ្នោតទីក្រុង ដែលខ្លួនពេញចិត្តជាងគេ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

ជាលទ្ធផលខេត្តទាំង៣ខាងលើនេះ មានការគាំទ្រច្រើនជាងគេ ក្នុងនាមជាទីក្រុង ដែលរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលស្អាតជាងគេ។ ពិធីប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តឡើងនៅក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួន ដូចជា ការតុបតែងលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here