ហុងកុងគ្រោងបន្តពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេរភាគី ជាមួយប្រទេសថៃ

ដោយ: គង់ លាងហួរ

ហុងកុង: ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីពង្រីកតំបន់នៃការវិនិយោគ ក្រោយពីវិបត្តិជំងឺកូវីដមានភាពធូរស្រាល ហើយប្រទេសចិនបើកព្រំដែនឡើងវិញ និងដកការរឹតបន្តឹងលើការធ្វើដំណើរ។

ថ្លែងនៅខាងក្រៅវេទិកាហិរញ្ញវត្ថុអាស៊ី (AFF) លើកទី១៦ លោក Patrick Lau នាយករងប្រតិបត្តិនៃក្រុមប្រឹក្សា HKTDC បានមានប្រសា សន៍ថា“ប្រទេសថៃ និងហុងកុងអាចបន្តជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេរភាគី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Lau ត្រូវបានគេសួរថា តើអាជីវកម្មប្រភេទណា ដែលហុងកុងបានលើកទឹកចិត្ត ដល់វិនិយោគិនរបស់ខ្លួនឱ្យបន្តនៅក្នុងប្រទេសថៃ ខណៈពេលដែលជំងឺរាតត្បាតធ្លាក់ចុះ ហើយប្រទេសចិនបានបើកដំណើរការឡើងវិញ។

លោកបានមានប្រសាសន៍ថា “ប្រទេសថៃជាមិត្តដ៏ល្អ ហើយយើង​តែង​តែ​អញ្ជើញប្រតិភូ​ថៃ​ មកចូលរួម​ក្នុង​ព្រឹត្តិការណ៍ពាណិជ្ជកម្ម និង​ការ​វិនិយោគរបស់​យើង”។

លោកបានអះអាងថា លោកធ្លាប់បានទៅទស្សនា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) និងបានឃើញពីវិធី ដែលប្រទេសថៃទទួលបានអត្ថប្រយោជន៍ពីការជំរុញពាណិជ្ជកម្ម និងផលិតកម្មនៅទីនោះ។

ការអភិវឌ្ឍន៍EEC ជាចំណុចស្នូលនៃគ្រោងការណ៍“Thailand 4.0”ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច និងផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់បន្ថែមទៀត។

EEC ជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ផ្អែកលើតំបន់ ដែលមានគោលបំណងធ្វើឱ្យតំបន់សមុទ្រខាងកើតមានភាពរស់រវើក។ គម្រោង​ EEC ដំបូង​នេះ​ផ្តោត​លើ​ខេត្ត​ភាគ​ខាង​កើត​ចំនួន​៣គឺ ខេត្តរ៉ាក់យ៉ង ខេត្តឈុនបុរី និង​ខេត្តឆាឈឿងសៅ។

រដ្ឋាភិបាលថៃ បានលើកទឹកចិត្តវិនិយោគិនអន្តរជាតិ ឱ្យបញ្ចូលមូលនិធិទៅក្នុងគម្រោង EEC ជាពិសេសក្នុងវិស័យដូចជា ការផលិតរថយន្តអគ្គិសនី និងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

លោក Patrick Lau បន្តថា “ខ្ញុំដឹងថាច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ កំពុងស្វែងរកការអភិវឌ្ឍន៍ ដោយផ្អែកលើការច្នៃប្រឌិតបន្ថែមទៀត។

លោកLau បានបញ្ជាក់ទៀតថា“ យើងបានតភ្ជាប់សួនអាជីវកម្ម Cyberportរបស់យើង ជាមួយនឹងគម្រោង EEC របស់ប្រទេសថៃ”។

លោក Lau បានបន្ថែមថា ប្រទេសថៃ និងហុងកុងអាចធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត នៅក្នុងលក្ខខណ្ឌនៃការវិនិយោគអាជីវកម្ម ដោយក្រុមហ៊ុនថៃបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើន នៅក្នុងទឹកដីចិនរួចទៅហើយ។

លោក​បាន​អះអាងថា “ទោះ​ជា​យ៉ាង​ណាក្តី យើង​នៅមាន​ វិស័យ​ជា​ច្រើន​ទៀត​ ដែល​យើង​មិន​ទាន់​បានពិភាក្សា​គ្នានៅឡើយ”។

HKTDC គឺជាអង្គការស្របច្បាប់ ដែលទទួលខុសត្រូវ ក្នុងការលើកកម្ពស់ទីក្រុងហុងកុង ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគសកល ហើយអង្គការនេះ ក៏មានការិយាល័យនៅទីក្រុងបាងកកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here