រដ្ឋាភិបាលអនុម័តគោលនយោបាយជាតិស្វាយចន្ទីររួចហើយ

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយបានសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ចំកិច្ចប្រជុំពិភា​ក្សា និងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធជាច្រើនលើកច្រើនសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យើងដឹងហើយថាដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព ព្រមទាំងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយបច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើន បាននាំចេញជាផលិតផលមិនទាន់បានកែច្នៃ ដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។

ហេតុនេះ ដើម្បីបន្តជំរុញដល់កំណើនកសិ-ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ជាការពិតណាស់ សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ត្រូវបានរៀបចំឡើង តាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច ជាមួយនឹងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិត​ផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោកផងដែរ។

បន្ថែមពីនេះគោលនយោបាយជាតិស្តីពី “ស្វាយចន្ទី” នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹង ផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី លើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here