ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាប្រមូលមូលធនបានជាង៥០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រមូលមូលធនចំនួន២២២ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៥០លានដុល្លារ។ ផ្សារមូលបត្រកម្ពុជា បានអះអាងថា សម្រាប់ឆ្នាំ២០២២ នេះជាឆ្នាំទី២ជាប់គ្នា ដែលផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាកំណើនជួញដូរខ្ពស់បំផុត ជាមួយកំណើនមួយទ្វេជាពីរ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី “សមិទ្ធិផលរបស់ផ្សារមូលបត្រកម្ពុជាឆ្នាំ២០២២ ទស្សនៈវិស័យ និងផែនការយុទ្ធសាស្រ្ដឆ្ពោះទៅឆ្នាំ២០២៣” របស់ផ្សារមូលបត្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

របាយការណ៍បានឱ្យដឹងថា ពេញមួយឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជា បានប្រមូលមូលធនសរុបចំនួន២២២បពាន់លានរៀល (ស្មើនឹងប្រមាណជាង៥០លានដុល្លារ) កើនឡើង១៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កំណើនភាគច្រើនលើសលុបបានមកពី ការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣ភាគរយ និងមូលបត្ររដ្ឋស្មើនឹង៣២ភាគរយ នៃមូលធនសរុប”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


របាយការណ៍ដដែលឱ្យដឹងថា តម្លៃជួញដូរជាមធ្យមបានកើនទ្វេដង ឈានដល់ជាង២ពាន់លានរៀលក្នុងមួយថ្ងៃ ដែលធ្វើឲ្យឆ្នាំ២០២២ ជាឆ្នាំទី២ជាប់គ្នា ដែលផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាកំណើនជួញដូរខ្ពស់បំផុត ជាមួយកំណើនមួយទ្វេជាពីរ។

បន្ថែមពីនេះ ចំនួនគណនីជួញដូរបើកថ្មីក្នុងឆ្នាំ២០២២ បានកើនឡើងជាង៥ពាន់គណនី ស្មើនឹង៣១ភាគរយ បៀបនឹងឆ្នាំ២០២១។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅចុងឆ្នាំ២០២២ក៏មានការងើបឡើងបន្ដិចបន្ដួចផងដែរ ពោលប្រមាណជា២ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈមូលធននីយកម្មទីផ្សារសរុបបានកើនឡើង៧,២ទ្រីលានរៀល ដល់៧,៥ទ្រីលានរៀល៕


LEAVE A REPLY

Please enter your comment!
Please enter your name here