ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC ហក់ឡើង៧៨ភាគរយក្នុងត្រីមាសទី៤

ដោយ: គង់ លាងហួរ

តៃប៉ិៈ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោក Taiwan Semiconductor Manufacturing Co. បានប្រកាសពីកំណើនប្រាក់ចំណេញសុទ្ធចំនួន៧៨ភាគរយ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ទោះបីជាតម្រូវការស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត មានការថយចុះគួរឱ្យកត់សម្គាល់យ៉ាងណាក្តី។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple Inc បានកត់សម្គាល់នូវប្រាក់ចំណេញសុទ្ធ ចាប់ខែតុលា ដល់ខែធ្នូ កើនឡើងដល់ប្រហែល៩,៧២ពាន់លានដុល្លារ បើធៀបនឹងកំណត់ត្រាប្រហែល៥,៤៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជីវកម្មរបស់ក្រុមហ៊ុន TSMC ត្រូវបានជំរុញដោយការខ្វះខាតបន្ទះឈីបជាសកល ដែលបង្កឡើងដោយការលក់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ដែលកំពុងរីករាលដាលដោយសារជំងឺរាតត្បាត។

តម្លៃភាគហ៊ុនរបស់ TSMC បានធ្លាក់ចុះ២៧,១ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែវាកើនឡើង៨,៥ភាគរយនៅឆ្នាំនេះ ដែលផ្តល់ឱ្យក្រុមហ៊ុននូវតម្លៃទីផ្សារចំនួន៤១២,៧៨ពាន់លានដុល្លារ។

សរុបមក វិស័យបន្ទះឈីបបាន និងកំពុងប្រឈមមុខនឹងតម្រូវការតិចតួច សម្រាប់ឧបករណ៍នានាដូចជា ស្មាតហ្វូន ដោយសារអតិផរណា និងអត្រាការប្រាក់កើនឡើង ស្របពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ។

នៅក្នុងខែតុលា ក្រុមហ៊ុន TSMC បានកាត់បន្ថយថវិកាវិនិយោគប្រចាំឆ្នាំរបស់ខ្លួន យ៉ាងហោចណាស់១០ភាគរយ សម្រាប់ឆ្នាំ២០២២ និងមានការប្រុងប្រយ័ត្នជាងធម្មតា លើតម្រូវការនាពេលខាងមុខ ដោយបង្ហាញពីបញ្ហាប្រឈមលើការកើនឡើង នៃថ្លៃដើមអតិផរណា និងការព្យាករពីការធ្លាក់ចុះនៃបន្ទះឈីប សម្រាប់ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here