លោក ពូទីន បញ្ជាក់ដោយចំហថារុស្ស៊ីមានបំណងចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

សុខុម

ហុងកុង: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរុស្ស៊ី មានបំណងចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនហើយថា ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមនេះគឺនឹងត្រូវការដំណោះស្រាយតាមផ្លូវការទូតដោយជៀសមិនរួច។

នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ពោលគឺ១ថ្ងៃក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមាន ហើយបានសន្យាថា សហរដ្ឋអាមេរិក នឹងនៅតែបន្តជួយគាំទ្រសហរដ្ឋអាមេរិកដោយមិនងាករេ។

ប្រធានាធិបតីរុស្ស៊ី ដែលមានរហស្សនាមថាបុរសខ្លាំងរូបនេះបានលើកឡើងថា “គោលដៅរបស់យើងគឺមិនមែនសដើម្បីបង្កជម្លោះយោធានោះទេ ផ្ទុយទៅវិញ គឺដើម្បីបញ្ចប់សង្គ្រាមនេះ។ យើងនឹងខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនេះ បើបានកាន់តែឆាប់ គឺកាន់តែល្អ”។

ជាការឆ្លើយតប អ្នកនាំពាក្យសេតវិមាន លោក John Kirby អះអាងថា លោក ពូទីន “មិនបានបង្ហាញទាល់តែសោះថា គាត់មានឆន្ទៈក្នុងការចរចា” ដើម្បីបញ្ចប់សង្រ្គាមនេះដែលបានចាប់ផ្ដើមផ្ទុះឡើង នៅពេលរដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជូនកងទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។

លោក John Kirby បានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រធានាធិបតី ចូ បៃឌិន បានបើកចំហសម្រាប់ការចរចាជាមួយលោក ពូទីន ប៉ុន្តែការចរចាអាចចាប់ផ្ដើមបាន លុះត្រាក្រោយពីលោក ពូទីន “បង្ហាញឆន្ទៈចង់ចរចាពិតប្រាកដ” និងក្រោយពីការពិគ្រោះយោបល់ជាមួយអ៊ុយក្រែន និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាមុនសិន។

 

រុស្ស៊ី បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួនបើកចំហសម្រាប់ការចរចា ប៉ុន្តែអ៊ុយក្រែន និងបណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានមន្ទិលសង្ស័យថា វាគ្រាន់តែជាឧបាលកលរបស់រុស្ស៊ី ដើម្បីពន្យារពេល បន្ទាប់ពីទាហានរុស្ស៊ី បានទទួលរងបរាជ័យ និងដកថយជាបន្តបន្ទាប់៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here