ក្រសួងទេសចរណ៍ត្រៀមដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ដាក់ចេញអនុសាសន៍៥ចំណុច ដល់សមាគមទេសចរណ៍កម្ពុជា ដើម្បីជាធាតុចូលសម្រា​ប់សកម្មភាពការងារក្នុងឆ្នាំ២០២៣។

លោកថោង ខុន បានដាក់ចេញនូវអនុសាសន៍ណែនាំដូចនេះ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នាឱកាសដែលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីជួបដៃគូអាជីវកម្ម មិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេស​ចរណ៍កម្ពុជា ដែលបានរៀបចំឡើងសណ្ឋាគារ Raffles Hotel Le Royal និងដោយមានការចូលរួមពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេ​សចរណ៍កម្ពុជា រួមទាំងមានសមាជិកសមាគមទេសចរណ៍កម្ពុជា ជាច្រើនរូបទៀតផងដែរ។

អនុសាសន៍ណែនាំសំខាន់ៗ ក្នុងកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេសចរណ៍កម្ពុជា រួមមាន ទី១ សូមសមាគមផ្តល់កិច្ចសហការបន្ថែម ជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការរៀបចំ”ឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមពាក្យស្លោក កីទ្បា និងព្រឹត្តការណ៍ Sport and Festival» ឱ្យបានជោគជ័យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំវិធានការគោលនយោបាយអនុវត្តន៍ឆ្នាំទស្សនាកម្ពុជា២០២៣នេះ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។

ទី២ សូមរៀបចំសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរអន្តរជាតិទ្បើង វិញឱ្យបានឆាប់រហ័ស ដើម្បីចាប់យកឱកាសទីផ្សារក្នុងតំបន់និងសកល ខណៈនិន្នាការធ្វើដំណើរនៅតែមានសន្ទុះខ្លាំង រួមមាន ទីផ្សារក្នុងតំបន់អាស៊ាន ចិន និងឥណ្ឌា ជាដើម ពិសេសសូមចូលរួមផ្សព្វផ្សាយឱ្យបានសកម្ម ជាមួយដៃគូក្រៅប្រទេសពីសកម្មភាព ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា។

ទី៣ សូមឱ្យសមាគមបន្តជំរុញឱ្យបុគ្គលិក របស់អាជីវកម្មទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញថ្មី និងអភិវឌ្ឍន៍ជំនាញដែលមានស្រាប់ និងចូលរួមដល់ការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា។ ទី៤ សូមជំរុញឱ្យអាជីវកម្មទាំងអស់ ដែលជាសមាជិ​ក បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិប្រតិបត្តិស្តង់ដា (SOP) ដាក់ចេញដោយក្រសួងទេសចរណ៍ ដើម្បីឱ្យស្របតាមបរិបទនៃការរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ទី៥ សូមសមាគមបន្តកិច្ចសហការ ជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំ សកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា រួមមាន ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការទទួល Farm Trip ជាដើម។ លោកយល់ថា គួរបង្កើតក្រុមការងារមួយ សម្រាប់ផ្តល់កិច្ចសហការ លើការងារផ្សព្វផ្សាយនេះផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីនប្រធានសមាគមទេសច​រណ៍កម្ពុជាបានឱ្យដឹងដែរថា សម្រាប់សមាគមCATA ជាផែនការបន្ទាប់សម្រាប់ឆ្នាំ២០២៣រួមមាន សមាគមនិងទទួលរៀបចំធ្វើ Farm Trip សម្រា​ប់ទីភ្នាក់ងារទេសចរ មកពីបណ្ដាប្រទេសអាស៊ាន ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា។ បង្កើនកម្មវិធីផ្គូផ្គងដៃគូអាជីវកម្មទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើនទីផ្សារ និងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងទីផ្សារឥណ្ឌា ដើម្បីអនុវត្តន៍អនុស្សរណៈយោគយល់គ្នា ដែលបានព្រមព្រៀងចុះហត្ថលេខា រវាងសមាគមCATA និងរដ្ឋម៉ាត់យ៉ាប្រាដេស នៃប្រទេសឥណ្ឌា នាពេលកន្លកងទៅ ភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារ ទេសចរក្នុងប្រទេសឥណ្ឌាសិក្សាទីផ្សារដើម្បីជំរុញ និងគាំទ្រឱ្យមានការហោះហើរត្រង់កម្ពុជា ទៅកាន់ប្រទេ​សឥណ្ឌា និងឥណ្ឌាមកកាន់កម្ពុជា។

បន្តបង្កើតទីផ្សារកម្មវិធីបណ្តុះបណ្តាល វគ្គខ្លីៗឱ្យបានច្រើន ដើម្បីបំពេញតម្រូវការជាក់ស្ដែង បន្តឡើងវិញនូវសកម្មភាពបញ្ជ្រាប ការយល់ដឹងពីការទុកដាក់កាកសំណល់ ផ្តល់ការគាំទ្រសម្រាប់ការផលិត ផលិតផលក្នុងស្រុក សម្រាប់សហគមទេសចរណ៍ ដើម្បីទទួលបានចំណូលបន្ថែមផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here