ក្រសួងសាធារណៈការពង្រឹងការលើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀរាប

ដោយៈ ម៉ាលីនណា

       សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ចុះពិនិត្យវឌ្ឈនភាពការងារ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនលោករស់ វណ្ណា

កាលពីដើមសប្តាហ៍នេះ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង មន្ត្រីជំ​នាញនៃអគ្គនាយកដ្ឋានប្រព័​ន្ធចម្រោះទឹកកខ្វក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងក្រុមការងារគម្រោង ចុះពិនិត្យសកម្មភាពអនុវត្តគម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ដែលគិតមកដល់ត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះ វឌ្ឈនភាពការងារសរុបសម្រេចបានប្រមាណ១៧,៥%ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានស្តាប់របាយការណ៍ផ្ទាល់ នៅនឹងទីតាំងគម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ពីតំណាងក្រុមហ៊ុនសាងសង់ WiVASEEN និងទីប្រឹក្សាគម្រោងCTI Engineering លោករដ្ឋលេខាធិការ បានបន្តដំណើរចុះពិនិត្យទីតាំងសាងសង់ប្រព័ន្ធលូ និងតាមបណ្តាទីតាំងអនុវត្តគម្រោងមួយចំនួនទៀត ដូចជា ទីតាំងឃ្លាំងស្តុកទុកដាក់បរិក្ខារលូ ទីតាំងចាក់ពុម្ពអណ្តូងលូ គម្របលូ និងស្ថានីយបូមថ្មីមួយកន្លែង។

លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំ បំពេញភារកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការការងារ អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

លោករស់ វណ្ណាបានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងរិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីបន្តអនុវត្តវឌ្ឍនភាពគម្រោង ដែលកំពុងមានភាពល្អប្រសើរ និងឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ​៕

សូមជម្រាបជូនថា៖ ការអនុវត្តគម្រោងនេះក៏បានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផងដែរទាក់ទងនឹងការផ្គត់ផ្គង់សម្ភារៈដូចជាខ្សែកាប ខ្សែទូរសព្ទ ខ្សែភ្លើង ព្រមទាំងបណ្តាញបំពង់លូទឹកស្អាត និងលូទឹកភ្លៀងពីភាគីពាក់ព័ន្ធ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here