រុស្ស៊ីប្រកាសផែនការបង្កើនទ័ពពី១ទៅ១,៥លាននាក់ ក្រោយអាមេរិក ប្រកាសបញ្ជូនខែលប្រឆាំងមីស៊ីលPatriot ទៅឱ្យអ៊ុយក្រែន

ដោយៈ សុខុម

វិភាគ: ពិភពលោកប្រហែលជាបាន និងកំពុងបួងសួងបន់ស្រន់ឱ្យភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឆាប់រលត់ដើម្បីបញ្ចប់សោកនាដកម្ម ព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិបងប្អូន និងមនុស្សជាទីស្រលាញ់ និងឈានទៅដល់ការបញ្ចប់វិបត្តិសេដ្ឋកិច្ច ជាពិសេសវិបត្តិថាមពលអន្តរជាតិ ដែលបានបង្កឡើង។

ទោះជាយ៉ាងណា ភ្លើងសង្គ្រាមដែលរុស្ស៊ី បានបញ្ឆេះឡើងដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះមិនបានបង្ហាញសញ្ញាថមថយឡើយ ពោលគឺវានឹងឆាបឆេះកាន់តែសន្ធោសន្ធៅដែលមិនដឹងថានឹងបញ្ចប់នៅពេលណា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP កាលពីថ្ងៃព្រហ ស្បតិ៍ ទី២២ ខែធ្នូ បានឱ្យដឹងថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការថា ខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីលផេទ្រាត (Patriot) ទៅឱ្យអ៊ុយក្រែន ដើម្បីជួយរដ្ឋាភិបាលក្រុងគៀវ ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់រុ   ស្ស៉ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធខែលប្រឆាំងមីស៊ីលផេទ្រាត (Patriot) គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាបន្ថែមថ្មីចំនួន១,៨៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

ការប្រកាសនេះបានធ្វើឡើង ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតី ចូ បៃឌិន និងថ្លែងសុន្ទរកថា ទៅកាន់សភាអាមេរិក។

Patriot ត្រូវបានចាត់ទុកជាប្រព័ន្ធខែល ប្រឆាំងមីស៊ីលដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ហើយវាផ្តល់នូវការការពារប្រឆាំងនឹងយន្តហោះ នាវា និងមីស៊ីលផ្លោង។ ជាធម្មតា ប្រព័ន្ធនេះរួមបញ្ចូលឧបករណ៍បាញ់រួមជាមួយរ៉ាដា និងរថយន្តជំនួយផ្សេងទៀត។

ប្រធានាធិបតី ចូ បៃឌិន បានប្រាប់ប្រធានាធិបតី Zelensky នៅសេតវិមានថា សហរដ្ឋអាមេរិក នឹងបន្តជួគាំទ្រអ៊ុយក្រែន “ទោះអូសបន្លាយពេលយូរយ៉ាងណាក៏ដោយ” នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី។

លោកចូ បៃឌិន បានប្រាប់លោក Zelensky  អំឡុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង របស់លោក Zelensky ចាប់តាំងពីផ្ទុះស    ង្គ្រាមថា “លោកនឹងមិនក្រោកឈរតតាំងនឹងរុស្ស៊ី តែម្នាក់ឯងឡើយ”។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រោយប្រកាសផ្ដល់កញ្ចប់ជំនួយថ្មីនេះ លោក ចូ បៃឌិន បានសន្យាផ្ដល់ជំនួន៤៥ពាន់លានដុល្លារ បន្ថែមទៀត។ លោក Zelensky បានបង្ហាញក្ដីរំភើប និងការដឹងគុណយ៉ាងខ្លាំង ចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Arab News បានចុះផ្សាយថា ជាការឆ្លើយតប ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២១ ខែធ្នូ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលនូវផែនការបង្កើនចំនួនកងទ័ព ពី១លាននាក់ទៅ១,៥លាននាក់ និងបង្កើតអង្គភាព   ថ្មីៗជាច្រើន ដើម្បីជួយពង្រឹងស្មារតីកងទ័ពដែលបានស្លាប់ និងរបួសអស់យ៉ាងច្រើននៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា ការផ្គត់ផ្គង់ប្រព័ន្ធខែលប្រឆាំងមីស៊ីលPatriot របស់សហរដ្ឋអាមេរិក ដល់ប្រទេ​សអ៊ុយក្រែន ដែលបានប្រកាសអំឡុងពេល ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នឹងមិនជួយដោះស្រាយជម្លោះសង្គ្រាម ឬរារាំងប្រទេសរុស្ស៊ី មិនឱ្យសម្រេចគោលដៅរបស់ខ្លួនឡើយ។ នេះបើយោងតាមសារព័ត៌មានដដែល។

លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ការដែលលោកខាងលិច ជួយគាំទ្រអ៊ុយក្រែនផ្នែកយោធា និងដំណើរទស្សនកិច្ចរបស់លោកZelensky ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន រឹតតែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា “លោកខាងលិចទាំងមូលត្រៀមខ្លួន ប្រឈ​មតតាំងរយៈពេលវែងជាមួយរុស្ស៊ី”។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ។

សរុបមក ចំណុចទាំងអស់នេះសុទ្ធតែជាចំណុចក្ដៅគគុក ដែលបង្ហា​ញថា សង្គ្រាមនៅអ៊ុយក្រែន នឹងអូសបន្លាយពេលវែង ដែលមិនដឹងបញ្ចប់នៅពេលណា ព្រោះវាមិនមែនត្រឹមតែជាសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី នោះទេ ពោលគឺវាជាសង្គ្រាមរវាងរុស្ស៊ី និងបណ្ដាមហាអំណាចលោកខាងលិច ដែលមានសហរដ្ឋអាមេរិក ជាបងធំឈរនៅពីក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here