រដ្ឋាភិបាលគ្រោងដាក់ឲ្យប្រើប្រាស់ការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្នុងគោលដៅលើកកម្ពស់វិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនថែមទៀត នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឲ្យប្រើប្រាស់នូវការធានារ៉ាបរង យានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានមានប្រសាសន៍ក្នុងសិក្ខាសាលាកាលពីដើមសប្តាហ៍នេះថា គម្រោងធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ចនេះ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ពោលគឺជួយឲ្យពួកគាត់ ទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងថា “ផលប្រយោជន៍ក្នុងការដំណើរការ ប្រព័ន្ធធានារ៉ាប់រងខាងលើនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់ឲ្យអនុវត្តប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលផងដែរ”។

ជាមួយគ្នានេះ លោកប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានបញ្ជាក់ថា បុព្វលាភដុលសរុបនៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ និងមានកំណើនប្រមាណ២០%ជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោកបន្តថា​ ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់ប្រមាណ៨ភាគរយ ក្នុងឆ្នាំ២០២០និង១០ភាគរយ ក្នុងឆ្នាំ២០២១ ទោះក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ លោកបន្តថា គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុនធានារ៉ាប់រង ធានាបន្ទុកហិរញ្ញវត្ថុចំពោះរាល់ហានិភ័យ បានចំនួនប្រមាណជាង២០៤ពាន់លានដុល្លារអាមេរិក ជាមួយបណ្ណសន្យារ៉ាប់រង ចំនួនជាង១លានប័ណ្ណ និងបានទូទាត់សំណងជូនអតិថិជនចំនួនជាង៤៥លានដុល្លារ។ ដោយឡែក ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានទ្រព្យសកម្មសរុបចំនួនប្រមាណ ៨៥១លានដុល្លារអាមេរិក។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញការគាំទ្រ ចំពោះគម្រោងការដាក់ឱ្យដំណើរការ ប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្តជាអន្លើរ តែទៅលើយានយន្តនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញប៉ុណ្ណោះ។

លោកបន្តថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១៕

LEAVE A REPLY

Please enter your comment!
Please enter your name here