សេវាធានារ៉ាប់រងបន្តមានកំណើនជាង ២០ភាគរយ ទោះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល

ដោយ៖ សុផារី

ភ្នំពេញ៖ វិស័យធានារ៉ាប់រង បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ បច្ចុប្បនេះ ទីផ្សារធានារ៉ាប់រងកម្ពុជានៅបន្តរីកចម្រើន និងមានសក្តានុពលខ្ពស់ ទោះប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក្តី។

លោក ស្វាយ សុជា នាយកប្រតិបត្តិ ប៊ែងកាសួរេន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះថា វិស័យធានារ៉ាប់រងមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើនឡើងប្រមាណ២០ទៅ៣០ភាគរយ ទោះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលក្តី។

លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាសម្រេចបានបុព្វលាភសរុបចំនួនជិត៣០០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហ៊ុយ វាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ ប្រជាជនកម្ពុជានៅមានចំនួនច្រើនទៀត ដែលមិនទាន់មានធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដោយនៅក្នុងវិស័យមួយនេះចូលរួមចំណែកបានត្រឹមតែ១ភាគរយតែប៉ុណ្ណោះ នៅក្នុងសេដ្ឋកិច្ចជាតិ។

លោកបានឱ្យដឹងថា បញ្ហាប្រឈមសំខាន់ៗ ដែលប្រជាជនកម្ពុជា មិននិយមក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង ដោយសារ ហេតុផលទី១ គឺ អាយុកាលរបស់ធានារ៉ាប់រងទូទៅមានត្រឹមតែ២០ឆ្នាំ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូចនៅកម្ពុជាទើបចូលមកក្នុងទីផ្សារ១០ឆ្នាំតែប៉ុណ្ណោះ។ ហេតុផលទី២ គឺ ធានារ៉ាប់រង មិនមែនជាសេវាចាំបាច់ត្រូវតែមាន នោះទេ ជាពិសេសនៅក្នុងស្ថានភាពវិបត្តិបច្ចុប្បន្ន។

លោកបន្តថា ការរីកចម្រើននៃវិស័យធានារ៉ាប់រងរបស់កម្ពុជា អាស្រ័យនឹងស្ថានភាពសេដ្ឋកិច្ចរីកចម្រើន។ កាលណាជីវភាពរបស់ប្រជាជនមានស្ថិរភាព មានប្រាក់សន្សំ នោះទើបគាត់មានការគិតគូរពីផែនការនៃការទិញធានារ៉ាប់រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here