ក្រសួងពាណិជ្ជកម្មចាប់ផ្តើមផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងទូទាំងប្រទេស

ដោយៈម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងទី១៧ ខែមីនា ឆ្នាំ២០២២ បានសហការគ្នារៀបចំពិធីសម្ពោធជាផ្លូវការនៃសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយច្បាប់ស្តីពី ការប្រកួតប្រជែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់នេះ ឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្នុងកាដោះស្រាយករណីពាក់ព័ន្ធនឹងការប្រកួតប្រជែង។

ពិធីនេះបានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកស្រីបណ្ឌិត Angelika Stauder លេខាទី១ ផ្នែកកិច្ចសហប្រតិបត្តិការ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Frank Tibitanzl នាយកគម្រោង “ជំរុញភាពប្រកួតប្រជែង នៅក្នុងបរិបទនៃគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន” (ហៅកាត់ COMPETE) នៃ GIZ, លោក Frank Jattke ប្រធានគម្រោងអាស៊ាន នៃ GIZ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់ផ្សេងទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាប និងស្មោះត្រង់៖ ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់” ក្នុងគោលបំណងណែនាំ និងលើកកម្ពស់ការយល់ដឹង របស់បុគ្គលធ្វើធុរកិច្ចលើច្បាប់ស្តីពី ការប្រកួតប្រជែង ដែលមកពីវិស័យផ្សេងៗគ្នា រួមមាន សភាពាណិជ្ជកម្មនិងសមាគមធុរកិច្ច និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នមានសមត្ថកិច្ច និយ័តករ អ្នកប្រតិបត្តិច្បាប់ និងបុគ្គលធ្វើធុរកិច្ច ក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការធ្វើអាជីវកម្ម ប្រកបដោយក្រមសីលធម៌ និងការប្រកួតប្រជែងដោយស្មោះត្រង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី តឹករ៉េត កំរង បានមានប្រសាសន៍ថា នៅក្នុងសម័យទំនើបនេះ ការប្រកួតប្រជែងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ។ ស្របគ្នានេះដែរ ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព នឹងកើកកម្បស់ឲ្យមានទីលានប្រកួតប្រជែងមួយ ដោយស្មើភាព រវាងបុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ តាមរយៈការកំណត់នូវ “វិធានការប្រកួតប្រជែង (Rules of the Game)”ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះ ជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។

លោកស្រីបណ្ឌិត Angelika Stauder បានលើកឡើងថា ចំណុចសំខាន់ដែលគួរឲ្យសម្គាល់នោះ គឺច្បាប់ដែលទើបអនុម័តថ្មីនេះ មិនត្រឹមតែដើរតួនាទីក្នុងការធានា លើការបង្កើនទីផ្សារឲ្យកាន់តែបើកចំហរ និងកាន់តែសេរីប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ស្តីពីការប្រកួតប្រជែងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អ្នកប្រើប្រាស់តាមរយៈការធ្វើឲ្យទំនិញ និងសេវាមានគុណភាពប្រសើរឡើង បង្កើតជម្រើសកាន់តែច្រើន និងថ្លៃទាបផងដែរ។

ចំណែកលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានឲ្យដឹងថា សិក្ខាសាលានេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ សម្រាប់អគ្គនាយកដ្ឋាន ក.ប.ប.ដែលកំពុងអនុវត្តឹតួនាទីរបស់ខ្លួន តាមការកំនត់របស់ច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ដល់ធុរជនទាំងអស់ ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែមានភាពបត់បែន និងអាចស្តារឡើងវិញបាន ក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជាសកលនៃជំងឺកូវីដ១៩។

ច្បាប់ស្តីពីការប្រកួតប្រជែងនេះ បានដាក់ឲ្យប្រើប្រាស់ផ្លូវការបន្ទា​ប់ពីទទួលបាន ព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

តាមរយៈការអនុម័តច្បាប់មួយនេះ កម្ពុជាបានបំពេញនូវកាតព្វ​កិច្ច​របស់ខ្លួន ស្របតាមក្របខ័ណ្ឌអន្តរជាតិសំខាន់ៗចំនួន២គឺ ១.ការប្តេជ្ញាចិត្តបង្កើតច្បាប់ស្តិពី ការប្រកួតប្រជែងនៅឆ្នាំ២០០៦ ដែលជាផ្នែកមួយនៃការចចាររបស់ខ្លួន ដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)ឆ្នាំ២០០៤ និង២.ការប្តេជ្ញាចិត្តបង្កើតឲ្យមានគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ឲ្យបាននៅឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here