ក្រុមហ៊ុន AIA Cambodia និងធនាគារកម្ពុជាសាធារណៈ ចុះហត្ថលេខាបន្តភាពជាដៃគូរយៈពេលវែង

ដោយៈសុធារី

ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) និង ធនាគារកម្ពុជាសាធារណៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះហត្ថលេខាបន្តភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីជួយឲ្យមានកំណើនការប្រើប្រាស់សេវាធានារ៉ាប់រង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែង និងកាន់តែទូលំទូលាយជូនអតិថិជន។

អេ អាយ អេ ខេមបូឌា គឺជាដៃគូអាជីវកម្មប៊េងកាសួរេនផ្តាច់មុខ របស់ធនាគារកម្ពុជាសាធារណៈ តាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះត្រូវបន្តរយៈពេល១៥ឆ្នាំទៀត ដើម្បីពង្រឹងភាពជោគជ័យនៃកិច្ចសហការនេះ។ ក្រុមហ៊ុនទាំងពីរនឹង ផ្តល់គុណតម្លៃបន្ថែម ជូនអតិថិជនតាមរយៈ ការបន្តបង្កើនការយល់ដឹង អំពីសេវាធានារ៉ាប់រង និងការពង្រឹងសេវាកម្មរបស់ខ្លួនក្នុងនាម ជាដៃគូអាជីវកម្មប៊េងកាសួរេន ឈានមុខគេក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខាបន្តភាពជាដៃគូនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងសងខាង រួមនិងអតិថិជនបួននាក់ដំបូងផងដែរ។ អតិថិជនទាំង៤នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងការពេញចិត្តជាខ្លាំង ក្នុងការទទួលបានការការពារ ផ្នែកហិរញ្ញវត្ថុ ហើយបន្តការប្រើប្រាស់ រហូតដល់សព្វថ្ងៃនេះ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងថា“ភាពជាដៃគូរបស់យើង មិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យយើងពង្រឹងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរឡើង”។

លោកបានបន្តថា “សូមអរគុណ ដល់ធនាគារកម្ពុជាសាធារណៈ ហើយឥឡូវនេះយើងមានជំហរកាន់តែរឹងមាំ ក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់ នៃសេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់ជូនវេទិកាហិរញ្ញវត្ថុដ៏មានអត្ថប្រយោជន៍ ដើម្បីការពារសុខុមាលភាពនាពេលអនាគតរបស់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន”។

ជាមួយគ្នានេះ លោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈបានថ្លែងដែរថា “កិច្ចសហការរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា នឹងបំពេញបន្ថែមនូវបទពិសោធន៍ សេវាកម្មហិរញ្ញវត្ថុដ៏ងាយស្រួល និងទូលំទូលាយ។ ធនា​គារកម្ពុជាសាធារណៈ ផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើសេវាកម្មជូនអតិថិជន ហើយយើងនឹងបន្តផ្តល់សេវាកម្ម ក៏ដូចជាផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលស្របតាមតម្រូវការអតិថិជនរបស់យើង។

លោកបន្តថា “ការបន្តភាពជាដៃគូនេះ នឹងជួយអតិថិជនបំពេញតម្រូវការសន្សំ និងការការពារបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here