កម្ពុជាបង្កើតកញ្ចប់សេវាធានារ៉ាប់រងកូវីដ១៩ដំបូងគេនៅអាស៊ានសម្រាប់ជនបរទេស

ដោយលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាចំនួន៩ បានសហការគ្នាក្នុងការបង្កើតផលិតផលធានារ៉ាប់រងជំងឺកូវីដ១៩ សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ដែលផលិតផលនេះ នឹងធានាព្យាបាលនូវជនបរទេសរូបណាត្រូវរកឃើញមានផ្ទុកជំងឺកូវីដ១៩ ។

លោកយក់ ចំរើនឬទ្ធិ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេបានមានប្រសាសន៍ឲ្យដឹងតាមទូរសព្ទនាព្រឹកថ្ងៃទី៧សីហានេះថាផលិតផលមួយនេះបានបង្កើតឡើងសម្រាប់តែជនបរទេសដែលចូលមកកម្ពុជា។

លោកបន្តថារដ្ឋាភិបាលកម្ពុជាបានកំណត់ អោយជនបរទេសត្រូវមានប្រាក់ដំកល់ចំនួន៥ម៉ឺនដុល្លារអាមេរិក មុននឹងចូលមកកម្ពុជា ដើម្បីការពារនិងព្យាបាលជំងឺកូវីដ បើសិនជាជនបរទេសនោះ មានជំងឺកូវីដ១៩។លោកបន្តថា បើសិនជាជនបរទេសដែលចូលមកកម្ពុជា ទិញកញ្ចប់សេវាធានារ៉ាប់រងកូវីដ១៩ពី ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ដែលមានតម្លៃត្រឹមតែ៩០ដុល្លារ នោះជនបរទេសមិនចំាបាច់ មានប្រាក់ដំកល់៥ម៉ឺនដុល្លារនោះទេ ដូច្នេះកញ្ចប់សេវាធានារ៉ាប់រងនេះ វាមានតម្លៃដល់ទៅ៥ម៉ឺនដុល្លារអាមេរិកឯណោះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយក់ ចំរើនឬទ្ឋិបានបន្តថា ជាធម្មតាជនបរទេសដែលចូលមកកម្ពុជា គឺតម្រូវអោយធ្វើចត្តាឡីស័កមួយរយៈ និងធ្វើតេស្តរកជំងឺកូវីដ១៩ ហើយក្នុងអំឡុងពេលធ្វើចត្តាឡីស័ក គឺជាបន្ទុករបស់បុគ្គលម្នាក់ៗ ក៏ប៉ុន្តែបើសិនជាជនបរទេសណាម្នាក់ ដែលទិញបណ្ណធានារ៉ាប់រង និងរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ ជនបរទេសរូបនោះ នឹងព្យាបាលរហូតទាល់តែជាសះស្បើយ និងចេញពីមន្ទីរពេទ្យដោយមិនអស់ថ្លៃព្យាបាល សូម្បីមួយរៀលឡើយ។

លោកបន្ថែមថាកញ្ចប់សេវាធានារ៉ាប់រងជំងឺកូវីដ១៩នេះក្នុងប្រទេសអាស៊ានមិនទាន់មានប្រទេសណាបានបង្កើតឡើងនៅឡើយពោលគឺមានតែកម្ពុជាប៉ុណ្ណោះគឺដំបូងគេតែម្ដងដែលអាចជួយអោយជនបរទេសចូលមកស្រុកខ្មែរដើម្បីស្វែងរកការវិនិយោគឬបំពេញភារកិច្ចក្នុងរយៈពេលណាមួយ។

នៅក្នុងជំនួបជាមួយលោកម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកជា រដ្ឋលេខាធិការ  ដ្ឋានអាកាសចរស៊ីវិលនិងលោកយក់ចំរើនឬទ្ធិកាលពីចុងខែមុននេះលោកម៉ៅហាវណ្ណាល់បានសន្យានិងគាំទ្រអោយមានការផ្សព្វផ្សាយលក់ប័ណ្ណសន្យារ៉ាបរងជីវិតកូវីដ១៩ដែលស្របនឹងវិធានការរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យអ្នកដំណើរបរទេសមានឯកសារធានារ៉ាប់រងសុខភាពគ្រប់គ្រាន់ក្នុងកំឡុងពេលចូលមកនិងស្នាក់នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀតលោកនឹងចូលរួមបន្តផ្សព្វផ្សាយផលិតផលនេះដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា។

លោកយក់ ចំរើនឬទ្ធិបានបញ្ជាក់ជាចុងក្រោយថា ផលិតផលធានារ៉ាប់រងនៃ គឺដាក់លក់តាមរយៈអនឡាញតែមួយប៉ុណ្ណោះ សម្រាប់ជនបរទេសដែលមានបំណងចូលមកកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here