តើរយៈពេលកន្លះឆ្នាំនេះវិស័យធានារ៉ាប់រងកម្ពុជាមានដំណើរការយ៉ាងណាដែរ ?

ដោយ ណេត

ភ្នំពេញ ៖ រយៈពេលកន្លះឆ្នាំមកនេះ កម្ពុជាហាក់ទទួលរងវិបត្តិធ្ងន់ធ្ងរបន្ថែមទៀត ដោយសារតែស្ថានភាពកូវីដ១៩ នៅកម្ពុជាហាក់មានទ្រង់ទ្រាយធំឡើងៗ ដែលចំនួនអ្នកឆ្លងកូវីដកាន់តែច្រើននិងមានអ្នកស្លាប់បន្តបន្ទាប់ផងដែរ ។ការណ៍នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចកម្ពុជាមួយចំនួនផងដែរ និងមានវិស័យខ្លះមានផលប៉ះពាល់ធ្ងន់ធ្ងរជាងឆ្នាំ២០២០ទៅទៀត ។ ចុះវិស័យធានារ៉ាប់រងដែលដែលជាវិស័យថ្មីមួយដែរនោះមានផលប៉ះពាល់យ៉ាងណាពីវិបត្តិកូវីដ១៩ក្នុងរយៈពេលកន្លះឆ្នាំ២០២១នេះ ?

យោងតាមលោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ វិស័យជាច្រើននៅតែបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ប៉ុន្តែសម្រាប់វិស័យធានារ៉ាប់រងវិញមិនជារងការប៉ះពាល់ប៉ុន្មានទេ ដោយសារតែវិស័យធានារ៉ាប់រងនៅកម្ពុជានៅក្មេង ហើយបើប្រៀបធៀបនឹងបណ្ដាប្រទេសនៅអាស៊ាន វិស័យធានារ៉ាប់រងនៅកម្ពុជាមានភាពក្មេងខ្ចីជាងគេ ហើយបានរួមចំណែក GDP តែប្រមាណ០,៥ភាគរយប៉ុណ្ណោះ ដូច្នេះយើងនៅមានលទ្ធភាពរីកលូតលាស់ច្រើន ។

លោកបន្តថា បើនិយាយពីធានារ៉ាប់រងនៅលើពិភពលោកគេបានរួមចំណែកប្រមាណ៧ភាគរយនៃពិភពលោក និងមានបុព្វលាភធានារ៉ាប់រងប្រមាណ៧ទ្រីលានដុល្លារអាមេរិក ក្នុងនោះសហរដ្ឋអាមេរិកធំជាង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា នៅក្នុងវិបត្តិនេះដែរ អតិថិជនដែលមានផលប៉ះពាល់ធ្ងន់ជាងគេក្នុងវិស័យធានារ៉ាប់រងគឺអតិថិជនដែលមករកស៊ីនៅកម្ពុជាឬក្រុមហ៊ុនកម្ពុជា នៅក្នុងវិស័យទេសចរណ៍ ដោយឡែកវិស័យផលិតកម្មនៅកម្ពុជាក្នុងវិបត្តិនៃ មិនមានផលប៉ះពាល់ទេ ។ លោកថា៖«ដោយសារតែផលប៉ះពាល់នៃវិស័យនេះចាប់ផ្ដើមដែរនោះ យើងក៏បានទៅចាប់យកវិស័យធានារ៉ាប់ក្នុងវិស័យកសិកម្មបន្ថែម ដែលធ្វើឱ្យផលប៉ះពាល់របស់យើងមិនសូវជាធំនោះទេ »។

អគ្គនាយកក្រុមហ៊ុនហ្វតតេបានបញ្ជាក់ថា នៅក្នុងវិស័យកូវីដ១៩នេះ ក្រុមហ៊ុនហ្វតតេនៅតែមានការរីកលូតលាស់បន្ថែមទៀត ទាំងប្រាក់បុព្វលាភដុល និងកំណើនប្រាក់ចំណេញហើយលោកជឿថាក្រុមហ៊ុនដែលមានអាយុកាលចាប់ពី១០ឆ្នាំឡើងទៅក៏មានកំណើនប្រាក់ចំណេញដូចគ្នា លើកលែងតែក្រុមហ៊ុនដែលទើបចូលថ្មី វាជាកត្តាសត្យានុម័តហើយ ការរកស៊ីនៅក្នុងវិស័យធានារ៉ាប់រង ការខាតបង់អាចមានចាប់ពី៥ទៅ៧ឆ្នាំ ហើយក្រុមហ៊ុនខ្លះ ១០ឆ្នាំហើយនៅតែខាតបង់ដែរ ប៉ុន្តែការខាតបង់ខ្លះអាចខាងតែតួលេខទេ តែលំហូរសាច់ប្រាក់អត់ខាតបង់ទេ ពីព្រោះនៅក្នុងវិស័យធានារ៉ាប់រងមានទុនបម្រុងច្រើន ។

ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគលើវិស័យធានារ៉ាប់ជាបន្តបន្ទាប់ ទាំងធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងទូទៅ ដែលធ្វើឱ្យកំណើនបុព្វលាភធានារ៉ាប់រងនៅកម្ពុជាក៏មានការកើនឡើងជាបន្តបន្ទាប់ ។

បើតាមលោកម៉ី វ៉ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានលើកឡើងថា វិស័យធានារ៉ាប់ក៏ជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបណ្ដើរៗផងដែរ តាមរយៈការជួយការពារដល់ហិរញ្ញវត្ថុប្រជាជនកម្ពុជា និងជួយបង្កើនបុព្វលាភធានារ៉ាប់ក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ ហើយវិស័យក៏បានរួមចំណែកសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ដូចគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here