ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង Etiqa របស់ម៉ាឡេស៊ីបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការឈានជើងចូលមកដល់ទីផ្សារប្រទេសកម្ពុជាបន្ទាប់ពីទទួលបានការយល់ព្រមដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធានារ៉ាប់រង Etiqa បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនធានារ៉ាប់រង Etiqa General Insurance (Cambodia) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa Life Insurance (Cambodia) ហើយក្រុមហ៊ុនទាំង២កំពុងផ្តល់ការធានារ៉ាប់រងអគ្គីភ័យ (លក់រាយ និងពាណិជ្ជកម្ម) និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការផ្តល់ជូនពីក្រសួងនេះនឹងពង្រីកផលិតផលរបស់ខ្លួន ដូចជា ការអប់រំ វេជ្ជសាស្ត្រ ក៏ដូចជាការធានារ៉ាប់រងការធ្វើដំណើរ និងម៉ូតូនាពេលឆាប់ៗនេះ តាមរយៈសាខា២១ របស់ធនាគារមេយប៊ែងនៅទូទាំងប្រទេសកម្ពុជា។

លោក Kamaludin Ahmad នាយកប្រតិបត្តិក្រុមហ៊ុន Etiqa ធានារ៉ាប់រង បានមានប្រសាសន៍ថា “ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Etiqa ដើម្បីជ្រៀតចូលទីផ្សារប្រទេសនេះត្រូវបានជំរុញដោយសក្តានុពលដ៏ធំរបស់ខ្លួនសម្រាប់អាជីវកម្មធានារ៉ាប់រង ពីព្រោះប្រជាជនកម្ពុជាជិត ៩៧ ភាគរយមិនមានការធានារ៉ាប់រង” ។
លោកបានឱ្យដឹងទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងឈានមុខគេរបស់អាស៊ាននៅប្រទេសសឹង្ហបូរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រុមហ៊ុន Etiqa មានគោលបំណងនាំយកដំណោះស្រាយធានារ៉ាប់រង “លឿន និងងាយស្រួល” ដល់ប្រជាជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញផលិតផល ដាក់ស្នើ ទទួលការទាមទារ ក៏ដូចជាដើម្បីទទួលបានជំនួយ។
លោក Kamaludin បានថ្លែងថា “យើងក៏មានបំណងក្លាយជាអ្នកដំបូងគេនៅក្នុងប្រទេស ដែលផ្តល់ជូននូវផលិតផលធានារ៉ាប់រងតាមអុីនធឺណេត ផងដែរ” ៕