ដោយ: គង់ លាងហួរ
មូស្គូ: ប្រទេសរុស្ស៊ីបានចំណាយប្រាក់ ចំនួន២ពាន់ពាន់លានរូប្ល (២៦ពាន់លានដុល្លារ) លើវិស័យការពារជាតិក្នុងខែមករា និងខែកុម្ភៈ ពោលគឺកើនឡើង២៨២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២កន្លងទៅ មូលនិធិថវិកាចំនួន៥២៥,៤ពាន់លានរូប្ល ត្រូវបានចំណាយលើការការពារជាតិ ដោយប្រទេសរុស្ស៊ី បានបើកចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេសនៅ ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមទិន្នន័យថ្មីបានឱ្យដឹងថា ការចំណាយរបស់រុស្ស៊ី ទៅលើវិស័យការពារជាតិ មានទំហំទឹកប្រាក់ចំនួន១,១៨ពាន់ពាន់លានរូប្លក្នុងខែមករា និង៨២២,៤ពាន់លានរូប្លក្នុងខែកុម្ភៈ។
ផែនការចំណាយឆ្នាំ២០២៣របស់រុស្ស៊ី គ្រោងចំណាយលើវិស័យការពារជាតិ រហូតដល់ចំនួន៤,៩៨ពាន់ពាន់លានរូប្ល។
ទិន្នន័យបង្ហាញថា ប្រទេសនេះបានចំណាយ ត្រឹមតែជាង៤០ភាគរយប៉ុណ្ណោះ នៃការបែងចែកប្រចាំឆ្នាំ ដែលបានគ្រោងទុកសម្រាប់វិស័យការពារជាតិនៅក្នុងខែមករា ដល់ខែកុម្ភៈ។
ទិន្នន័យដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញថា ឱនភាពថវិការបស់រុស្ស៊ី មានចំនួន៣,៤ពាន់ពាន់លានរូប្ល សម្រាប់ខែមករា ដល់ខែមេសា បើធៀបនឹងអតិរេកចំនួន១,២ពាន់ពាន់លានរូបក្នុងឆ្នាំ២០២២ ដោយសារទីក្រុងម៉ូស្គូបានចំណាយច្រើន ហើយប្រាក់ចំណូលពីការលក់ថាមពលបានធ្លាក់ចុះ។
កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានចំណាយប្រាក់៥,៥១ពាន់ពាន់លានរូប្ល ឬស្មើនឹង១៧,១ភាគរយ នៃការចំណាយសរុបលើវិស័យការពារជាតិ ពោលគឺកើនឡើងពី៣,៥៧ពាន់ពាន់លានរូប្ល ឬ១៤,៤ភាគរយដែលបានចំណាយនៅក្នុងឆ្នាំ២០២១។
នៅក្នុងខែមករា ដល់ខែកុម្ភៈឆ្នាំនេះ ការចំណាយលើវិស័យការពារជាតិ មានចំនួន៣៦,២ភាគរយ នៃការចំណាយថវិកាសរុប ដែលស្មើជិត២ដងនៃចំនួន ដែលបានចំណាយលើគោលនយោបាយសង្គម និងស្មើជិត៤ដងលើការចំណាយទៅលើសេដ្ឋកិច្ចជាតិ៕