ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការសម្រេចចិត្តរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅថេរ និងការកម្រើកឡើងវិញនៃអរិភាពនៅតំបន់មជ្ឈិមបូព៌ា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ គិតត្រឹមម៉ោង៣:៤០នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ០,៧១ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ១,១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៧៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២៣ភាគរយ៕







