ដោយ: គង់ លាងហួរ
វៀងច័ន្ទ: ក្រុមហ៊ុនអភិវឌ្ឍន៍មួយ និងធនាគារក្នុងតំបន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់មូលនិធិ៦៩២លានដុល្លារសម្រាប់គម្រោង “Monsoon Wind Power Project”ដែលជាគម្រោងដើរដោយថាមពលខ្យល់ ដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសឡាវ។
Impact Electrons Siam Ltd (IES) ដែលជាក្រុមហ៊ុន ផ្តល់ដំណោះស្រាយថាមពលកកើតឡើងវិញ កំពូលរបស់ប្រទេសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងថាមពលខ្យល់មូសុង ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាអ្នករៀបចំផ្តល់ប្រាក់កម្ចី។
លោកស្រី Suzanne Gaboury អគ្គនាយកនៃនាយកដ្ឋានប្រតិបត្តិការវិស័យឯកជនរបស់ធនាគារ ADB ក៏បានមានប្រសាសន៍ក្នុងឱកាសនោះដែរ ទាក់ទងនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។
លោកស្រី Suzanne Gaboury បានមានប្រសាសន៍ថា “ការផ្តល់ហិរញ្ញប្បទានពីធនាគារ ADB និងដៃគូរបស់ខ្លួននឹងជួយស្រាយសោប្រភពធនធានខ្យល់ ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ដោយផ្តល់នូវមូលដ្ឋាន សម្រាប់ការផ្លាស់ប្តូរទៅជាថាមពលស្អាត”។
លោកស្រី Gaboury បន្ថែមថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រឈមនឹងការខ្វះខាត ក្នុងការវិនិយោគអាកាសធាតុ ដែលចាំបាច់ដើម្បីជម្រះផ្លូវឆ្ពោះទៅរកកំណើនបៃតង”។
ធនាគារជាច្រើន រួមទាំងធនាគារនាំចេញ-នាំចូលនៃប្រទេសថៃ និងធនាគារពាណិជ្ជក៏បានរាយការណ៍ថា ពួកគេបានរួមគ្នាបង្កើតគម្រោងនេះដែរ។
លើសពីនេះ ក្រុមហ៊ុន ACEN Renewables International Pte. Ltd. ក្រុមហ៊ុន STP&I Public Company Limited និងក្រុមហ៊ុន SMP Group ក៏ស្ថិតក្នុងចំណោមសហហិរញ្ញប្បទានផ្សេងទៀត នៃគម្រោងនេះផងដែរ។
សារពត៌មាន Laopost ក៏បានរាយការណ៍ផងដែរថា គម្រោងនេះ នឹងត្រូវសាងសង់ក្នុងរយៈពេល៣ឆ្នាំ (រួមទាំងការសាងសង់ខ្សែបញ្ជូន) ដែលមានរយៈពេលសម្បទាន២៥ឆ្នាំ និងចំណាយទឹកប្រាក់សរុបចំនួន៩០០លានដុល្លារអាមេរិក (រួមទាំងការសាងសង់ស្ថានីយ៍បំលែងព្រំដែនឡាវ-វៀតណាម)៕