ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍មុន បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ “សារៈសំខាន់នៃរូបិយវត្ថុ” ជូនសមណៈសិស្សនិងសាស្ត្រាចារ្យពីពុទ្ធិកសកលវិទ្យាល័យចំនួន៣០០អង្គ នៅសាលសន្និសីទចតុមុខ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ការពិភាក្សាពីការផ្តល់សិទ្ធអំណាចជូនដល់ស្រ្តី ស្របពេលទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតឈានចូលមកដល់។
ក្នុងសិក្ខាសាលានោះ លោកជំទាវបណ្ឌិតបានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិនៃការកកើតប្រាក់រៀល និងសារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវិធានការជំរុញការប្រើប្រាស់ប្រាក់រៀល របស់រាជរដ្ឋាភិបាល និងធនាគារជាតិ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនថែមទៀត។
តាមរយៈបទឧទ្ទេសនាមស្តីពី “សារៈសំខាន់នៃរូបិយវត្ថុ” សមណៈសិស្សនិងអ្នកចូលរួម បានទទួលការយល់ដឹងកាន់តែច្បាស់ថា ការប្រើប្រាស់ប្រាក់រៀលតែមួយគត់ នឹងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងពង្រឹងអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងមោទនភាពជាតិ៕