ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សំឡេងរបស់បណ្ដាប្រទេសខាងត្បូង បានលេចឡើងនៅក្នុងឆ្នាំ២០២៣ និងតទៅមុខទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមានជាច្រើន។
ក្នុងនោះ កិច្ចការអាទិភាព គឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល។
តាមរយៈប្រព័ន្ធវីដេអូពីភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែមករា ជាមួយនឹងសេចក្ដីសោមនស្សដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសម្លេងបណ្តាប្រទេសខាងត្បូងដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សា និងចែករំលែកទស្សនៈអំពីបញ្ហានិងកាលានុវត្តភាពសំដៅស្វែងរកដំណោះស្រាយក្នុងការកសាងអនាគតប្រកបដោយវិបុលភាព សម្តេចក៏បានអគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌាដែលបានអញ្ជើញសម្ដេចចូលរួមនៅក្នុងវេទិកាដែលមានសារៈសំខាន់នេះហើយក៏បានអបអរ សាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងឋានៈជាប្រធាន G២០ ផងដែរ។
សម្ដេចតេជោបានថ្លែងថា សំឡេងនៃបណ្ដាប្រទេសខាងត្បូងត្រូវបានលេចឡើងនៅក្នុងឆ្នាំ២០២៣ និងតទៅមុខទៀត ដោយសម្តេចបញ្ជាក់ថា ប្រទេសខាងត្បូងយើងនេះគឺជាជនរងគ្រោះ មិនមែនជាអ្នកបង្កទេ ហើយបច្ចុប្បន្នបញ្ហាបានក្តៅគគុក ជាមួយនឹងនិន្នាការអវិជ្ជមានដែលបានកើតមានជាច្រើន រាប់ទាំងបញ្ហាសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។
សម្តេចបានបន្តថា ជាមួយបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល ដែលជាប្រភពកំណើតថ្មីប្រកបដោយថាមពល។
សម្ដេចបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅពេញលេញ រវាងប្រទេសខាងត្បូងប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្ត នៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ៕