សម្តេចតេជោ៖ កិច្ចការអាទិភាពចំនួន៣ជាដំណោះស្រាយបញ្ហាប្រឈមជាសកល​ដែលកំពុងកើតមាន

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ​សំឡេងរបស់បណ្ដា​ប្រទេស​ខាងត្បូង បានលេចឡើងនៅក្នុងឆ្នាំ២០២៣ និងតទៅ​មុខទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល​ដែលកំពុងកើតមានជាច្រើន។

ក្នុងនោះ កិច្ចការអាទិភាព គឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈប្រព័ន្ធវីដេអូពីភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែមករា ជាមួយនឹងសេចក្ដីសោមនស្ស​ដែល​បានចូលរួមក្នុងកិច្ចប្រជុំកំពូល​ស្តីពី​សម្លេង​បណ្តា​ប្រទេស​ខាងត្បូង​ដែលជាវេទិកា​ដ៏មាន​សារៈសំខាន់​សម្រាប់ការពិភាក្សា និងចែករំលែកទស្សនៈអំពីបញ្ហានិងកាលានុវត្តភាព​សំដៅ​ស្វែងរក​ដំណោះស្រាយក្នុងការកសាងអនាគតប្រកប​ដោយវិបុលភាព​ សម្តេចក៏បានអគុណ​ដល់​នាយករដ្ឋ​មន្ត្រី​ឥណ្ឌាដែល​បាន​អញ្ជើញសម្ដេចចូលរួមនៅក្នុងវេទិកា​ដែល​មានសារៈសំខាន់នេះ​ហើយ​ក៏បានអបអរ សាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងឋានៈជាប្រធាន G២០ ផងដែរ។

សម្ដេចតេជោបានថ្លែងថា សំឡេងនៃបណ្ដាប្រទេសខាងត្បូងត្រូវបានលេចឡើងនៅក្នុងឆ្នាំ២០២៣​ និង​តទៅមុខទៀត ដោយសម្តេចបញ្ជាក់ថា ប្រទេសខាងត្បូងយើងនេះ​គឺជាជនរងគ្រោះ មិនមែន​ជាអ្នកបង្កទេ ហើយ​បច្ចុប្បន្នបញ្ហា​បាន​ក្តៅគគុក ​ជាមួយ​នឹង​និន្នាការ​អវិជ្ជមាន​ដែលបានកើត​មានជាច្រើន រាប់ទាំងបញ្ហាសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។

សម្តេចបានបន្តថា ជាមួយបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ​ដើម្បីកសាងអនាគត​ប្រកប​ដោយវិបុលភាព គឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ​ឲ្យមានភាព​រលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និង​ការតភ្ជាប់​ច្រវ៉ាក់ផ្គត់ផ្គង់​ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម ​និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល​ ដែល​ជា​ប្រភពកំណើតថ្មីប្រកបដោយថាមពល។

សម្ដេចបញ្ជាក់ថា ​ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់​តែស៊ីជម្រៅពេញ​លេញ រវាង​ប្រទេសខាងត្បូងប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌតំបន់​ និងក្រៅតំបន់ ​ព្រមទាំង​ស្ថាប័នអន្តរជាតិនានា​ គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរក​យុទ្ធសាស្ត្រឈ្នះ-ឈ្នះ ​និង​ទាញប្រយោជន៍​ជា​អតិបរមា ពីការវិវត្ត នៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here