ដោយ: គង់ លាងហួរ
អន្តរជាតិ: ទិដ្ឋភាពរបស់បណ្តាទីក្រុងធំៗនៅតំបន់អាស៊ី កំពុងផ្លាស់ប្តូរ ស្របពេលមានកំណើន នៃការសាងសង់អគារខ្ពស់កប់ពពក ដែលធ្វើឱ្យទីក្រុងទាំងនោះ កាន់តែមានភាពទាក់ទាញ និងបង្ហាញពីសមត្ថភាពផ្នែកស្ថាបត្យកម្មសម័យទំនើប។
ក្នុងនោះ ប្រទេសចិន គ្រោងនឹងបញ្ចប់ការសាងសង់អគារកប់ពពកមួយនៅខែកក្កដា ឆ្នាំ២០២៥នេះ ក្រោយពីបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១២។ អគារនោះមានឈ្មោះថា “International Land‑Sea Center”ស្ថិតក្នុងទីក្រុងឆុងឈីង។
អគារ International Land‑Sea Center មានកំពស់៤៥៨,២ម៉ែត្រ ដោយជាប់ឈ្មោះជាអគារខ្ពស់ជាងគេបំផុត ក្នុងទីក្រុងឆុងឈីង និងខ្ពស់ជាងគេបំផុត នៅតំបន់ភាគខាងលិចប្រទេសចិន បន្ទាប់ពីគ្រោងឆ្អឹងរបស់អគារបានបញ្ចប់រួចរាល់កាលពីឆ្នាំ២០២២។
អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Kohn Pedersen Fox និងវិទ្យាស្ថានរចនាស្ថាបត្យកម្ម Chongqing។ អគារ International Land‑Sea Center មានរូបរាងដូចជាសំពៅ ដោយបានឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រ នៃការធ្វើដំណើរតាមសំពៅលើទន្លេ Yangtze និងទន្លេJialing ក្នុងទីក្រុងឆុងឈីង។
អគារខាងលើត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់គ្រឿងម៉ាស៊ីនដែលមានភាពទំនើបខ្ពស់បំផុត និងបានប្រើប្រាស់ដែកប្រហែល៧០.០០០តោន។ តួលេខនេះមានចំនួនច្រើនជាងទម្ងន់ដែក សម្រាប់សាងសង់អគារEiffel Towers ដ៏ល្បីល្បាញក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងចំនួន៧ដង។
អគារ International Land‑Sea Center មានទំហំផ្ទៃក្រឡាសរុបចំនួន៣,៦លានម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់ Yuzhong ជាប់មាត់ទន្លេ Jialing ដែលជាតំបន់ពាណិជ្ជកម្មអន្តរជាតិរបស់ទីក្រុង Chongqing។
ការអភិវឌ្ឍអាគារនេះ មានគោលដៅប្រើប្រាស់ចម្រុះ រួមមាន ការិយាល័យ លំនៅដ្ឋាន បដិសណ្ឋារកិច្ច ការលក់រាយ និងការកម្សាន្ត៕ប្រភព: Artfilemagazine៕