ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានភាពតានតឹងឡើងវិញសាជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ លើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៤ភាគរយ គិតត្រឹមម៉ោង២:៤៣នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ១,៣៨ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៦៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ២,៥៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,៦៥ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,២៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦២ភាគរយ៕







