ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃយ៉ាងគំហុកក្នុងការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមចំនួន ៥៧.០០០ កន្លែងនៅក្នុងខែមិថុនា ធ្លាក់ចុះបើធៀបនឹងខែឧសភា ដែលមានចំនួន ១២៩.០០០កន្លែង។ ការធ្លាក់ចុះនៃទីផ្សារការងារនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកពិចារណាបញ្ចុះអត្រាការប្រាក់។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ២,៥៩ភាគរយ គិតត្រឹមម៉ោង១:៤៤នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ១,៥១ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,១៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ០,៨៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បាន
ងើបឡើងថ្លៃ០,៥៧ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,៣៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ៦,០២ភាគរយ៕







