ដោយ: លាងហួរ
ប្រុចស៊ែល: ក្រុមថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុប(EU) បានជួបប្រជុំជាមួយសមភាគី ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងប្រុចស៊ែល ដើម្បីពង្រឹងទំនាក់ទំនងក្នុងការប្រឈមមុខ នឹងសង្រ្គាមនៅអ៊ុយក្រែន និងការប្រ កួតប្រជែងពីប្រទេសចិន។
អឺរ៉ុបគ្រោងជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដែលរាប់បញ្ចូលប្រទេសមួយចំនួន ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោកផងដែរ។
សហភាពអឺរ៉ុប ក៏បាននឹងកំពុងជំរុញផ្នែកការទូត ដើម្បីពង្រឹងរណសិរ្សពិភពលោកប្រឆាំងនឹងទីក្រុងមូស្គូ ខណៈដែលសង្គ្រាមរុស្ស៊ី បាននាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនៅជុំវិញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាសមាជិកទាំង១០របស់អាស៊ានត្រូវបានបែងចែកគ្នា ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន។
ចំណែកប្រទេសសិង្ហបុរី បានដើរទន្ទឹមនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ រីឯប្រទេសវៀតណាម និងឡាវ ដែលមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងមូស្គូ នៅតែប្រកាន់ជំហរអព្យាក្រឹត។
ខណៈដែលអឺរ៉ុបដាក់សម្ពាធ ឱ្យមានការឆ្លើយតបកាន់តែខ្លាំង ចំពោះ រុស្ស៊ី ស្រាប់តែមានប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកមួយទៀតបានក្លាយជាប្រធានបទពិភាក្សា នៃកិច្ចប្រជុំកំពូលនេះផងដែរ។
ការទាមទាររបស់ប្រទេសចិន ជុំវិញសមុទ្រចិនខាងត្បូង បាននាំឱ្យមានជម្លោះ ប្រឆាំងនឹងប្រទេសជិតខាងមួយចំនួន និងបង្កឱ្យមានការភ័យខ្លាចនៅក្នុងទ្វីបអឺរ៉ុបជុំវិញលំហូរពាណិជ្ជកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់អាស៊ាន ហើយប្រទេសជាច្រើននៅក្នុងតំបន់ មានការប្រុងប្រយ័ត្នក្នុងការឃ្លាតឆ្ងាយ ពីប្រទេសជិតខាងដ៏ធំរបស់ពួកគេ។
សហភាពអឺរ៉ុប គ្រោងប្រែក្លាយខ្លួនជាដៃគូសេដ្ឋកិច្ច ដែលអាចទុកចិត្តបានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី៣របស់គ្នាទៅវិញទៅមក ហើយអឺរ៉ុបមើលឃើញថា តំបន់នេះជាប្រភពនៃវត្ថុធាតុដើមដ៏សំខាន់មួយផងដែរ។
បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងជំរុញធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗនៅឆ្ងាយពីប្រទេសចិន ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីភាពងាយរងគ្រោះរបស់អឺរ៉ុប៕