តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយសារការកើនឡើងនៃស្តុក និងផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក គួបផ្សំនឹងក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកក្កដាបានធ្លាក់ចុះ៤៧សេន មកនៅត្រឹម៨៥,៨៦ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែមិថុនាបានធ្លាក់ចុះ៥៣សេនមកនៅត្រឹម៨១,៤០ដុល្លារក្នុងមួយបារ៉ែល។

លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ActivTrades បានលើកឡើងថា “គោលជំហររបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក អាចនឹងមានភាពមិនច្បាស់លាស់យ៉ាងខ្លាំង ដោយជំរុញឱ្យមានការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងដល់ត្រីមាសទី៤ ឬអាចពន្យារពេលរហូតដល់ឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយប៉ុណ្ណោះនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,៦២ភាគរយកាលពីថ្ងៃអង្គារ ខណៈទិន្នន័យសម្រាប់ថ្ងៃពុធមិនទាន់ចេញផ្សាយនៅឡើយ គិតមកទល់ម៉ោង៩:៥៥នាទីព្រឹក។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃពុធនេះ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៣០ភាគរយ គិតត្រឹមម៉ោង១០:១៤នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិន ក៏បានបិទការជួញដូរផងដែរ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,០៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here