ក្រុមហ៊ុនAmirates Airlineបានវិលត្រលប់ជាថ្មីមកកាន់កម្ពុជា

ដោយៈ គង៉​ សូរិយា

        ភ្នំពេញៈ  ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន អាកាសចរណ៍ Emirates បានចាប់ផ្តើមហោះហើរត្រង់ មកកាន់រាជធានីភ្នំពេញជាផ្លូវការហើយ។

ជើងហោះហើរលេខ EK348 ដោយយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍Emirates បានមកដល់ អាកា​សយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១ ខែឧសភា នាវេលាម៉ោង៤ និង៣៥នាទី ត្រូវបានស្វាគមន៍ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងមានការសម្តែងរបាំប្រពៃណីខ្មែរ និងចែកជូនក្រម៉ា ដល់អ្នកដំណើរផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំ ប្រទេសរបស់ក្រុមហ៊ុនEmirates បានមានប្រសាសន៍ លើប្រតិបត្តិការឡើងវិញរបស់ Emirates មកកាន់ទីក្រុងភ្នំពេញថា បេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាធ្វើឱ្យប្រទេសនេះ ក្លាយជាគោលដៅទាក់ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។

លោកបញ្ជាក់ថា “យើងពិតជារំភើបរីករាយណាស់ សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្ដងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ា ដ៏ធំទូលាយរបស់យើងដែលមានស្រាប់”។

លោកបន្តថា តាមរយៈសេវាកម្មភ្ជាប់រវាង ប្រទេសសិង្ហបុរី និងភ្នំពេញ នឹងអាចគាំទ្រសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញដ៏ងាយស្រួលរវាងសិង្ហបុរី កម្ពុជា និងសហព័ន្ធអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀត នៅក្នុងបណ្ដាញសកលរបស់យើង។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជានៅថ្ងៃនេះ បង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តបង្កើនឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរទាំងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ។

លោកបន្ថែមថា “ស្របពេលយើងទាំងអស់គ្នា កំពុងធ្វើដំណើរឈានទៅមុខ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ខ្ញុំសូមអំពាវនាវឱ្យមានការរួបរួមគ្នាបំពេញការងារ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាព នៃអ្នកធ្វើដំណើតាមផ្លូវអាកាស ចេញនិងចូលកម្ពុជា ព្រមទាំងទទួលបទពិសោធន៍ថ្មីៗ នៃសេវាកម្មលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុនអាកាសចរណ៏ Emirates នាថ្ងៃនេះផងដែរ”។

លោកបន្ថែមថា យើងសង្ឃឹមថានឹងមានការតភា្ជប់ ជើងហោះហើរត្រង់ ហើយចំនួនជើងហោះហើរ នឹងកាន់តែមានច្រើនបន្ថែមទៀតមកកាន់កម្ពុជា ពីគ្រប់តំបន់ ដែលនឹងនាំមកនូវការរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាពពេញលេញ នាពេលនេះ និងទៅថ្ងៃអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here