EUគ្រោងពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ស្របពេលមានសង្គ្រាមនៅអ៊ុយក្រែន និងការប្រជែងពីប្រទេសចិន

ដោយ: លាងហួរ

ប្រុចស៊ែល: ក្រុមថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុប(EU) បានជួបប្រជុំជាមួយសមភាគី ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងប្រុចស៊ែល ដើម្បីពង្រឹងទំនាក់ទំនងក្នុងការប្រឈមមុខ នឹងសង្រ្គាមនៅអ៊ុយក្រែន និងការប្រ កួតប្រជែងពីប្រទេសចិន។

អឺរ៉ុបគ្រោងជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)  ដែលរាប់បញ្ចូលប្រទេសមួយចំនួន ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហភាពអឺរ៉ុប ក៏បាននឹងកំពុងជំរុញផ្នែកការទូត ដើម្បីពង្រឹងរណសិរ្សពិភពលោកប្រឆាំងនឹងទីក្រុងមូស្គូ  ខណៈដែលសង្គ្រាមរុស្ស៊ី បាននាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនៅជុំវិញពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ  ប្រទេស​ជាសមាជិកទាំង​១០​របស់​អាស៊ាន​ត្រូវបាន​បែងចែកគ្នា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​របស់​រុស្ស៊ី លើ​អ៊ុយក្រែន។

ចំណែកប្រទេសសិង្ហបុរី បានដើរទន្ទឹមនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ រីឯប្រទេសវៀតណាម និងឡាវ ដែលមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងមូស្គូ នៅតែប្រកាន់ជំហរអព្យាក្រឹត។

ខណៈ​ដែល​អឺរ៉ុប​ដាក់​សម្ពាធ ​ឱ្យ​មាន​ការ​ឆ្លើយ​តប​កាន់តែ​ខ្លាំង ចំពោះ​   រុស្ស៊ី  ស្រាប់តែមាន​ប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោក​មួយ​ទៀត​បានក្លាយជាប្រធានបទពិភាក្សា នៃកិច្ចប្រជុំ​កំពូលនេះផងដែរ។

ការទាមទាររបស់ប្រទេសចិន ជុំវិញសមុទ្រចិនខាងត្បូង បាននាំឱ្យមានជម្លោះ ប្រឆាំងនឹងប្រទេសជិតខាងមួយចំនួន និងបង្កឱ្យមានការភ័យខ្លាចនៅក្នុងទ្វីបអឺរ៉ុបជុំវិញលំហូរពាណិជ្ជកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់អាស៊ាន ហើយប្រទេសជាច្រើននៅក្នុងតំបន់ មានការប្រុងប្រយ័ត្នក្នុងការឃ្លាតឆ្ងាយ ពីប្រទេសជិតខាងដ៏ធំរបស់ពួកគេ។

សហភាពអឺរ៉ុប គ្រោងប្រែក្លាយខ្លួនជាដៃគូសេដ្ឋកិច្ច  ដែលអាចទុកចិត្តបានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី៣របស់គ្នាទៅវិញទៅមក ហើយអឺរ៉ុបមើលឃើញថា តំបន់នេះជាប្រភពនៃវត្ថុធាតុដើមដ៏សំខាន់មួយផងដែរ។

បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងជំរុញធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗនៅឆ្ងាយពីប្រទេសចិន  ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីភាពងាយរងគ្រោះរបស់អឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here