ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈការប្រកាសពន្ធគយថ្មីចុងក្រោយដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេវាយតម្លៃថា អាចជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២២សេន ឬ០,៣១ភាគរយមកនៅត្រឹម៦៩,៩៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0052 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២៧សេន ឬ០,៣៩% មកនៅត្រឹម៦៨,១១ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃពុធម្សិលមិញ លោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធ៥០ភាគរយលើទំនិញរបស់ប្រទេសប្រេស៊ីល ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាមេរិកឡាទីន ក្រោយមានជម្លោះជាសាធារណៈជាមួយសមភាគីប្រេស៊ីលលោក Luiz Inacio Lula da Silva៕