ខេត្តកំពង់ធំនឹងមានសភាពាណិជ្ជកម្មប្រចាំខេត្តរបស់ខ្លួន នាពេលខាងមុខ

ដោយៈ ចំណាន

កំពង់ធំៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យ បោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ធំ អាណត្តិទី១ លើកទី១។

ដែលកិច្ចប្រជុំនេះបានរៀបចំឡើង នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកងួន រាសី បានលើកឡើងអំពី ការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ នៃវិស័យពាណិជ្ជកម្មក្នុងខេត្តកំពង់ធំ ហើយតាមរយៈសមិទ្ធិផល សម្រេចបានទាំងនេះ ពិតជាកើតចេញពីកិច្ចខិតខំប្រឹងប្រែង ដឹកនាំគ្រប់គ្រងប្រកប ដោយមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងដោយមានការចូលរួមសហការល្អ និងការជួយជ្រោមជ្រែងពី ឧកញ៉ាហេង សំណាង ជាប្រធាន និងសមាជិក សមា​ជិកាទាំងអស់ នៃសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហាកន្លងមក។

លើសពីនេះ ឧកញ៉ាងួង ម៉េងតិច បានគូសបញ្ជាក់ពីសារៈសំខាន់របស់សភាពាណិជ្ជកម្មខេត្ត ក្នុងនាមជាតំណាងវិស័យឯកជន ក្នុងការសហការជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

លោកបញ្ជាក់ថា “សភាពាណិជ្ជកម្មក៏មានតួនាទីប្រមូល និងសម្របសម្រួលមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់សហគ្រាស ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរ”។

ថ្លែងនៅក្នុងពិធីនេះដែរ លោកម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ ការចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ការផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។

បន្ថែមពីលើនេះ លោកក៏បានណែនាំបន្ថែម ពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here