ដោយៈ ចំណាន
សៀមរាបៈ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីរដ្ឋបាលខេត្តសៀមរាប បានបើកប្រជុំផ្សព្វផ្សាយបើកការិយាល័យ បោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តសៀមរាប អាណត្តិទី១ លើកទី១។
ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប អាណត្តិទី១ លើកទី១ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាកលវិទ្យាល័យអង្គរ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីលោកលឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអ៊ឹង គឹមលាង បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តសៀមរាប សម្រាប់អាណត្តិទី១ លើកទី១នេះ ដំណើរការទៅដោយមានភាពជោគជ័យ និងជាការផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ មានការចាប់អារម្មណ៍ក្នុងការចូលរួមជាបេក្ខភាព ឬចង់ស្វែងយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃការចូលជា សមាជិកនៃសភាពាណិជ្ជកម្ម បានកាន់តែច្រើនឡើងផងដែរ។
ចំណែកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងផងដែរអំពីសារៈសំខាន់ នៃសភាពាណិជ្ជកម្មខេត្ត ដែលជាតំណាងឱ្យសំឡេងរបស់វិស័យឯកជន ក្នុងការសហការជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ឬអាជ្ញាធរដែនដី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខេត្តសៀមរាបទាំងមូល។
ក្នុងនាមជាស្ថាប័នតំណាងសហគមន៍ធុរកិច្ច សភាពាណិជ្ជកម្មមានតួនាទីប្រមូលផ្តុំ សម្របសម្រួល និងប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់សហគ្រាសនានា ដាក់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយ និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបង្កើតបរិយាកាសធុរកិច្ច ដែលមានតម្លាភាព ប្រកួតប្រជែង និងអំណោយផលសម្រាប់ការវិនិយោគ។
ទន្ទឹមនឹងនេះ លោកលឿង រដ្ឋា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ការចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ការផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។
បន្ថែមពីលើនេះ លោករដ្ឋា ក៏បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជន ដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សភាពាណិជ្ជកម្មខេត្តសៀមរាប ត្រូវបានបំបែកចេញពីសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន បានកាន់តែល្អប្រសើរឡើង៕









